(ប៉េកាំង)៖ ប្រទេសនានាបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ នៅឯកិច្ចប្រជុំកំពូលម៉ារ៉ាតុងរបស់អង្គការសហប្រជាជាតិស្តីពីជីវចម្រុះ ដើម្បីការពារទឹកដី និងមហាសមុទ្ររបស់ពិភពលោក និងសន្យាផ្តល់ហិរញ្ញប្បទានដ៏សំខាន់ដើម្បីរក្សាទុកជីវចម្រុះក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បើទោះបីជាមានការជំទាស់ពីប្រទេសមួយចំនួននៅអាហ្វ្រិកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

ប្រធាននៃកិច្ចប្រជុំកំពូលធម្មជាតិ COP15 លោក Huang Runqiu រដ្ឋមន្ត្រីក្រសួងបរិស្ថានចិនបានប្រកាសកិច្ចព្រមព្រៀង ដែលបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គក្នុងទីក្រុង Montreal កាលពីថ្ងៃច័ន្ទ ដោយបង្កឱ្យមានការអបអរសាទរយ៉ាងខ្លាំង ពីគណៈប្រតិភូដែលបានជួបប្រជុំគ្នា។

ផ្នែកដ៏សំខាន់បំផុតនៃកិច្ចព្រមព្រៀងនេះ គឺការប្តេជ្ញាចិត្តដាក់ ៣០ភាគរយនៃភពផែនដី ជាតំបន់អភិរក្សសម្រាប់ជីវចម្រុះនៅត្រឹមឆ្នាំ២០៣០។ បច្ចុប្បន្ននេះ ១៧ភាគរយនៃដីគោក និង ១០ភាគរយនៃតំបន់សមុទ្រត្រូវបានការពារ។

នាយក​នៃ​ក្រុម​អភិរក្ស​យុទ្ធនាការ​ដើម្បី​ធម្មជាតិ​បាន​ប្រាប់​អ្នក​យក​ព័ត៌មានថា «វាមិនដែលមានគោលដៅអភិរក្សជាសកលក្នុងទំហំនេះទេ...វាការប្តេជ្ញាចិត្តអភិរក្សដី និងមហាសមុទ្រដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ»