(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បានឆ្លងផុតការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅថ្ងៃចន្ទនេះ ខណៈវាគឺជាការឈ្នះសំឡេងគាំទ្រដ៏មានសារសំខាន់ សម្រាប់ភាពស្របច្បាប់នៃតំណែងជានាយករដ្ឋមន្រ្តីរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។
ការផ្តល់សេចក្តីទុកចិត្តខាងលើ ត្រូវបានអនុម័តតាមរយៈការបោះឆ្នោតដោយសំឡេងផ្ទាល់មាត់ ពីសំណាក់ក្រុមសមាជិកសភា ខណៈលោក អាន់វ៉ា បានស្នើកោះប្រជុំដើម្បីសម្រេចលើបញ្ហានេះ បន្ទាប់ពីគូប្រជែងរបស់លោក ដែលជាអតីតនាយករដ្ឋមន្រ្តី លោក មូហ៉ីយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin) បានដាក់មន្ទិលសង្ស័យចំពោះ សំឡេងគាំទ្រដែលលោកក្តោបក្តាប់នៅក្នុងសភា ក្រោយការតែងតាំងជានាយករដ្ឋមន្រ្តី ដោយព្រះមហាក្សត្រ។
លោក អាន់វ៉ា ដែលមានអាយុ៧៥ឆ្នាំ បានចាប់ផ្តើមពង្រឹងការគាំទ្ររបស់លោក កាលពីសប្តាហ៍មុន តាមរយៈការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ ជាមួយបណ្តាគណបក្សនយោបាយតូចៗ។ នៅក្រោមកិច្ចព្រមព្រៀងនោះ គណបក្សទាំងអស់ឯកភាពគ្នា ធានានូវស្ថិរភាពនយោបាយ, ជំរុញសេដ្ឋកិច្ច និងបង្កើតអភិបាលកិច្ចល្អ។
គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតប្រកៀកប្រកិតគ្នាកាលពីខែមុន សម្ពន្ធគណបក្សរបស់លោក អាន់វ៉ា មិនបានឈ្នះសំឡេងភាគច្រើនក្នុងសភាឡើយ ប៉ុន្តែរូបលោកត្រូវបានព្រះមហាក្សត្រម៉ាឡេស៉ីជ្រើសរើសជានាយករដ្ឋមន្រ្តី ហើយបានចាប់ផ្តើមដំណើរការបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយសម្ពន្ធគណបក្សដទៃទៀត។ នៅក្នុងរដ្ឋាភិបាលថ្មីរបស់លោក ក៏រួមមានសមាសភាពមកពីសម្ពន្ធគណបក្ស Barisan Nasional ដែលធ្លាប់កាន់អំណាចកាលពីមុនផងដែរ៕