(ប៉េកាំង)៖ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ទំហំសេដ្ឋកិច្ចសរុបនៃប្រទេសចិនបានឡើងដល់កម្រិតថ្មី ដែលការរួមចំណែករបស់ចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានស្ថិតនៅលំដាប់ទី១ លើពិភពលោកទាំងមូល ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» បានដំណើរការ យ៉ាងស៊ីជម្រៅនិងប្រាកដប្រជា។ សន្និសីទអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិន បានលើកឡើងថា ត្រូវជំរុញការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ ក៏ដូចជាជំរុញការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ផងដែរ។
ឥស្សរជនអន្តរជាតិបានថ្លែងថា តាំងពីចូលឆ្នាំនេះមក ប្រឈមមុខនឹងបញ្ហាជាច្រើន សេដ្ឋកិច្ចចិនបានបង្ហាញឱ្យ ឃើញនូវភាពធន់ដ៏ខ្លាំងក្លា និងសក្តានុពលដ៏ធំធេង។ ប្រទេសចិនបានក្តាប់ជាប់និន្នាការទូទៅ យ៉ាងត្រឹមត្រូវ បានគ្រោងផែនការអភិវឌ្ឍន៍ដោយ ទស្សនវិស័យស្តីពីការបើកទូលាយ សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដែលនឹងបន្តផ្តល់ជំនឿចិត្ត និងកម្លាំងចលករសម្រាប់ការងើបឡើងវិញប្រកបដោយស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក។
លោក Robert Kuhn ប្រធានមូលនិធិ Kuhn អាមេរិកបានថ្លែងថា ការលើកទឹកចិត្តឱ្យសេដ្ឋកិច្ចឯកជន និងសហគ្រាសឯកជនរីកចម្រើន និងមានភាពខ្លាំងក្លាឡើង វាមានអំណោយផលដល់ការជំរុញសេដ្ឋកិច្ចចិន ឱ្យកើនឡើងដោយល្បឿនកាន់តែលឿន។ ការលើកកម្ពស់ជំនឿចិត្តក្នុងទីផ្សារវានឹងបំពេញបន្ថែម កម្លាំងចលករយ៉ាងខ្លាំងក្លាដល់កំណើនសេដ្ឋកិច្ចចិន។ ប្រទេសចិនដែលបាននិងកំពុងរីកចម្រើនប្រកបដោយស្ថិរភាព គឺជាតម្រូវការនៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។
លោក Stephen Perry ប្រធានក្លឹបក្រុមហ៊ុន៤៨ នៃអង់គ្លេសបានថ្លែងថា ទោះបីជាបានប្រឈមនឹងបញ្ហាជាច្រើនក៏ដោយ ក៏ប៉ុន្តែប្រទេសចិនបានកែសម្រួលគោលនយោបាយយ៉ាងសកម្ម សេដ្ឋកិច្ចនៅតែបង្ហាញឱ្យឃើញនូវភាពធន់ដ៏ល្អប្រសើរដដែល។ បើនិយាយចំពោះចំណុះសេដ្ឋកិច្ចដ៏ធំធេងរបស់ចិន ការសម្រេចបាននូវកំណើនគឺមានន័យថា ទំហំសេដ្ឋកិច្ចបានកើនឡើងយ៉ាងខ្លាំង វាគឺជាកត្តារួមចំណែកដ៏លេចធ្លោសម្រាប់ ជំរុញកំណើនសេដ្ឋកិច្ចសកល៕
វិទ្យុមិត្តភាពកម្ពុជាចិន