(រ៉ូម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីតាលីនៅថ្ងៃចន្ទនេះ បាននិយាយថា ទីក្រុងរ៉ូមត្រូវតែទទួលបានផលប្រយោជន៍ស្មើគ្នា នៅក្នុងភាពជាដៃគូជាមួយចក្រភពអង់គ្លេសនិងជប៉ុន ស្តីពីការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី ខណៈដែលកិច្ចពិភាក្សាលម្អិត ចាប់ផ្តើមប្រព្រឹត្តទៅដើម្បីកំណត់ទំហំតួនាទីរបស់ភាគីនីមួយៗ នៅក្នុងគម្រោងប្រកបដោយមហិច្ឆតានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

ក្នុងខែធ្នូនេះ ប្រទេសទាំង៣ខាងលើ បានប្រកាសពីគម្រោងរួមគ្នាហៅថា Global Combat Air Programme ឬ GCAP ដែលមានគោលដៅអភិវឌ្ឍ​ឱ្យបានយន្តហោះចម្បាំងជំនាន់ថ្មីមួយ នៅត្រឹម២០៣៥ ដោយរួមបញ្ចូលគ្នារវាងកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំង Temepest ដែល​ដឹកនាំដោយអង់គ្លេស ហើយនិងកម្មវិធី F-X របស់ជប៉ុន។

រដ្ឋមន្រ្តីការពារជាតិអ៉ីតាលី លោក ហ្គុយដូ ក្រូសេតតូ (Guido Crosetto) ដែលជាសហស្ថាបនិកគណបក្ស Brothers of Italy របស់​នាយករដ្ឋមន្រ្តីលោកស្រី ចចជៀ ម៉េឡូនី (Giorgia Meloni) បានលើកឡើងថា ទីក្រុងរ៉ូមនឹងធ្វើការសម្រេចចិត្តចុងក្រោយលើទំហំ​ថវិកា ដែលគួរវិនិយោគទៅក្នុងគម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារមួយនេះ ក្រោយខ្លឹមសារលម្អិតបន្ថែមត្រូវបានកំណត់ច្បាស់លាស់។

លោកប្រមុខការពារជាតិអ៉ីតាលី បានសង្កត់ធ្ងន់ដូច្នេះថា «អ៉ីតាលីអាចបន្តដើរលើផ្លូវនេះបាន លុះត្រាដែលខ្លួនមានទម្ងន់ដូចគ្នាជាមួយ ជប៉ុននិងចក្រភពអង់គ្លេសដែរ ពាក់ព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវ ហើយចុងក្រោយបំផុតនោះគឺលទ្ធផល»។ លោកបន្តថា រូបលោកចង់បានការបែកចែក១ភាគ៣ សម្រាប់ភាគីនីមួយៗ។

គួរបញ្ជាក់ថា ក្រុមហ៊ុន BAE Systems របស់អង់គ្លេស, Mitsubishi Heavy Industries របស់ជប៉ុន ហើយនិង Leonardo របស់អ៉ីតាលី នឹងដឹកនាំការងាររចនាយន្តហោះចម្បាំងថ្មីនោះ ខណៈក្រុមហ៊ុនផលិតមីស៉ីលរបស់អឺរ៉ុប MBDA ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត ក៏នឹងចូលរួមក្នុងគម្រោងនេះផងដែរ៕