(កៀវ)៖ បណ្តាញទីភ្នាក់ងារអនុវត្តច្បាប់រុស្ស៉ី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនជនភៀសខ្លួនដែលបានមកដល់ប្រទេសរុស្ស៊ី ពីទឹកដីអ៊ុយក្រែន មានចំនួនលើសពី៥លាននាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

យោងតាមទិន្នន័យចុងក្រោយ ជនភៀសខ្លួនជាង ៥លាននាក់ ដែលក្នុងនោះរួមមានកុមារជាង ៧២១,០០០នាក់ បានមកដល់ប្រទេសរុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ បច្ចុប្បន្នមានតែមនុស្សចំនួន ៤២,០០០នាក់ប៉ុណ្ណោះ រួមទាំងកុមារ ១២,០០០នាក់ ដែលកំពុងស្ថិតនៅក្នុងជម្រកបណ្តោះអាសន្ន។ ចំណែកអ្នកដទៃទៀតបានជ្រើសរើសទៅរស់នៅ ជាមួយសាច់ញាតិរបស់ពួកគេ ឬចាកចេញទៅកាន់ប្រទេសផ្សេង។ រដ្ឋាភិបាលរុស្ស៊ី បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១០,០០០រូប្លិ៍ (ជាង១៥០ដុល្លារអាមេរិក) ក្នុងមនុស្សម្នាក់ ដោយបានចំណាយថវិកាសរុបចំនួន ១២.១ពាន់លានរូប្លិ៍ (១៨០លានដុល្លារ) រួចហើយ។

គួរបញ្ជាក់ថា ខណៈនេះអ៊ុយក្រែន កំពុងបង្កើនការប្រុងជើងការខ្ពស់នៅតាមតំបន់ព្រំដែន កំលុងពេលលោក ពូទីន បំពេញទស្សនកិច្ចទៅកាន់ប្រទេសបេឡារុស៕