(ញូដេលី)៖ ការបំពុលបរិយាកាស គឺកាន់តែអាក្រក់ទៅៗ ក្នុងទីក្រុងញូដេលីនៃប្រទេសឥណ្ឌា នៅថ្ងៃចន្ទនេះ ដោយគុណភាពខ្យល់ធ្លាក់ចុះកាន់តែខ្លាំង ស្របពេលដែលសីតុណ្ហភាពចុះទាប បូករួមនិងការមិនសូវមានខ្យល់បក់ បានជួយបង្ខាំងទុកសារធាតុពុលក្នុងខ្យល់អាកាស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

កម្រិតបំពុលបរិយាកាស នៅរដ្ឋធានីរបស់ឥណ្ឌា តែងតែបង្កឲ្យមានជំងឺហឺត និងបញ្ហាផ្លូវដង្ហើមផ្សេងទៀត រៀងរាល់រដូវរងា ដោយសារខ្យល់ដែលមានលក្ខណៈធ្ងន់ មិនអនុញ្ញាតឱ្យឧស្ម័នដែលចេញពីយានយន្ត ក៏ដូចជាធូលីសំណង់ និងកម្ទេចផេះផង់ អាចរំសាច់បែកខ្ញែកបានដោយងាយស្រួល។

យោងតាមទិន្នន័យពីក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលបរិយាកាស គុណភាពខ្យល់ជាធម្មតា នៅក្នុងទីក្រុងដែលមានប្រជាជនចំនួន ២០លាននាក់ នៅថ្ងៃចន្ទនេះគឺស្ថិតក្នុងកម្រិត «អន់ខ្លាំង» ហើយបានធ្លាក់ដល់កម្រិត «ធ្ងន់ធ្ងរ» នៅតាមតំបន់មួយចំនួន។ សន្ទស្សន៍គុណភាពខ្យល់បានឡើងដល់កម្រិត៤៥៧ ក្នុងតំបន់អាណាន់ វីហា (Anand Vihar) ដែលលើសពីកម្រិត «ល្អ» រហូតដល់ ៩ដងឯណោះ។ ប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ និងការព្យាករណ៍អាកាសធាតុរបស់រដ្ឋាភិបាល រួមទាំងការស្រាវជ្រាវ បានអះអាងថា ការធ្លាក់ចុះនៃគុណភាពខ្យល់នេះ គឺកើតចេញពីការធ្លាក់ចុះទាប នៃសីតុណ្ហភាពនិងល្បឿនខ្យល់។

គួរបញ្ជាក់ថា សីតុណ្ហភាពនៅទីក្រុងញូដេលី បាននិងកំពុងធ្លាក់ចុះទាបក្នុងរង្វង់៦អង្សារសេ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលទាបជាងកម្រិតធម្មតា គឺ៨អង្សា ហើយមិនធ្លាប់មានពីមុនមក។ វិធានការ ដូចជា ការផ្អាកសកម្មភាពសាងសង់ម្តងម្កាល ការបាញ់ទឹកលើផ្លូវថ្នល់ និងការរឹតបន្តឹងលើរថយន្តម៉ាស៊ូត អាចជួយបានតែមួយផ្នែកប៉ុណ្ណោះ ក្នុងការដោះស្រាយបញ្ហាបំពុលរបស់ទីក្រុងដេលី៕