(អូតាវ៉ា)៖ ជនរងគ្រោះចំនួន៥នាក់ ហើយនិងជនសង្ស័យម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីករណីបាញ់ប្រហារមួយ បានកើតមានឡើងនៅអគារខុនដូមួយកន្លែង ក្នុងទីក្រុងវ៉ន (Vaughan) នៃខេត្តអូនតារីយ៉ូ (Ontario) ក្បែរទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។
ប៉ូលិសកាណាដាត្រូវបានស្នើឱ្យបញ្ជូនកងកម្លាំងទៅកាន់ អគារស្នាក់នៅមួយកន្លែងកាលពីយប់ថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់) ក្រោយមានសេចក្តីរាយការណ៍ថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់ជនរងគ្រោះមួយចំនួន។ ជនសង្ស័យជាខ្មាន់កាំភ្លើងរូបនោះបានស្លាប់ បន្ទាប់ពីបាញ់តដៃជាមួយប៉ូលិស។ ក្រៅពីនេះក៏មានមនុស្សម្នាក់ទៀតរងរបួសផងដែរ និងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
អាជ្ញាធរកាណាដាបានឱ្យដឹង ការស៉ើបអង្កេតកំពុងតែបន្តប្រព្រឹត្តទៅ ជាពិសេសជុំវិញទំនាក់ទំនងរវាងជនរងគ្រោះ និងបុរសជាជនសង្ស័យ។ រីឯមូលហេតុដែលបង្កឱ្យផ្ទុះការបាញ់ប្រហារនេះ គឺមិនទាន់អាចកំណត់ច្បាស់នៅឡើយទេ ប៉ុន្តែឥឡូវលែងមានការគំរាមកំហែងទៀតហើយ ចំពោះសុវត្ថិភាពសាធារណជន។
គួរបញ្ជាក់ថា ខណៈធៀបជាមួយប្រទេសជិតខាងខ្លួនគឺសហរដ្ឋអាមេរិក កាណាដាបានជួបប្រទះករណីបាញ់ប្រហារស្លាប់មនុស្សរង្គាល តិចជាងខ្លាំងក៏ដោយ ប្រទេសអាមេរិកខាងជើងមួយនេះ បានមើលឃើញករណីអំពើហិង្សាដោយកាំភ្លើង មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាហេតុនាំឱ្យកាណាដាទើបតែចេញ ច្បាប់ដែលដាក់បម្រាមលើប្រភេទកាំភ្លើងខ្លី កាលពីពេលថ្មីៗនេះ។
កាលពីខែមេសា ឆ្នាំ២០២០ ខ្មាន់កាំភ្លើងម្នាក់បានក្លែងខ្លួនជាប៉ូលិស រួចបាញ់សម្លាប់មនុស្សរហូតដល់២២នាក់ នៅខេត្ត ណូវ៉ា ស្កូទីយ៉ា (Nova Scotia) ភាគខាងកើតប្រទេស ដែលជាករណីបាញ់សម្លាប់មនុស្សរង្គាលយ៉ាងអាក្រក់បំផុតរបស់កាណាដា៕