(ប៉េកាំង)៖ កាលពីថ្ងៃទី១៦ ខែធ្នូ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងកិច្ចប្រជុំលើកទី១៧ នៃប្រទេសជាអ្នកសម្របសម្រួលសម្រាប់ កិច្ចសហប្រតិបត្តិការចិន-ប្រទេសអឺរ៉ុបកណ្តាល និងខាងកើត។

លោក Wang Yi បានលើកសំណើ ៤ចំណុច ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងខាងកើត ពោលគឺទី១ ប្រកាន់ខ្ជាប់នូវសាមគ្គីភាពនិងមេត្រីភាព។ មេត្រីភាពគឺជាគោលនយោបាយជាមូលដ្ឋានរបស់ចិនចំពោះអឺរ៉ុប ហើយកិច្ចសហប្រតិបត្តិការគឺជាគោលដៅទូទៅ នៃគោលនយោបាយរបស់ចិនចំពោះអឺរ៉ុប។ ទី២ គឺប្រកាន់ខ្ជាប់នូវការរួមសហការគ្នា ដើម្បីបង្កើនប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងខាងកើត គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប ដែលវាដំណើរការដោយគោរពតាម ច្បាប់ទីផ្សារនិងស្តង់ដាសហភាពអឺរ៉ុប និងបានជួយឱ្យអឺរ៉ុបសម្រេចបាន នូវការអភិវឌ្ឍប្រកបដោយតុល្យភាពបន្ថែមទៀត។ ទី៣ គឺប្រកាន់ខ្ជាប់នូវការបើកទូលាយនិងឈ្នះ-ឈ្នះ។

ប្រទេសចិននឹងប្រកាន់ខ្ជាប់ដោយមិនងាករេ នូវការពង្រីកការបើកទូលាយចំពោះក្រៅប្រទេស បន្តបង្កើនការនាំចូលផលិតផលមានគុណភាពល្អ ពីបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើត ព្រមនិងអនុវត្តគោលនយោបាយសមភាព ចំពោះក្រុមហ៊ុនរបស់បណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើតនៅក្នុងប្រទេសចិន។ ទី ៤ គឺការប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែងនិងផ្តល់ផលប្រយោជន៍ជាទូទៅ។ ប្រទេសចិនមានឆន្ទៈក្នុងការដាក់ចេញ នូវវិធានការថ្មីបន្ថែមទៀតនៅក្នុងវិស័យការនាំចេញកសិផល និងគ្រឿងឧបភោគបរិភោគទៅកាន់ប្រទេសចិន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហិរញ្ញវត្ថុ ការតភ្ជាប់គ្នា និងផ្តល់កិច្ចសម្រួលដល់ការប្រាស្រ័យផ្លាស់ប្តូរបុគ្គលិកជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន