(ប៉េកាំង)៖ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិន បានបើកធ្វើនៅទីក្រុងប៉េកាំង នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំនេះ។

លោក Li Keqiang នាយករដ្ឋមន្ត្រីចិន និងសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន មានដូចជាលោក Li Qiang លោក Zhao Leji លោក Wang Huning លោក Han Zheng លោក Cai Qi លោក Ding Xuexiang និងលោក Li Xi បានអញ្ជើញចូលរួមកិច្ចប្រជុំ។ ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោក Xi Jinping បានបូកសរុបការងារសេដ្ឋកិច្ចប្រចាំឆ្នាំ២០២២ ធ្វើការវិភាគចំពោះស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន និងចាត់ចែងការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៣។

លោក Li Keqiang បានធ្វើការចាត់ចែងនិងរៀបចំផែនការសម្រាប់ការងារសេដ្ឋកិច្ចនៅឆ្នាំ២០២៣។ លោក Li Qiang ថ្លែងសុន្ទរកបញ្ចប់។ កិច្ចប្រជុំបានបញ្ជាក់ថា ដើម្បីធ្វើការងារសេដ្ឋកិច្ចឱ្យបានល្អ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់ នូវការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស ជាពិសេសការដឹកនាំជាសមូហភាព ដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមនិងប្រកាន់ខ្ជាប់នូវការតម្កល់ទុកការអភិវឌ្ឍជា ភារកិច្ចអាទិភាពរបស់បក្សក្នុងការកាន់អំណាច ដើម្បីធ្វើឱ្យប្រទេសជាតិមានភាពរុងរឿងឡើងវិញ។

ទី១ គឺផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក។ ត្រូវតម្កល់ទុកការស្តារនិងពង្រីកការប្រើប្រាស់ជាអាទិភាព។ ទី២ គឺពន្លឿនការកសាងប្រព័ន្ធឧស្សាហកម្មទំនើប។ ទី៣ គឺអនុវត្តជាក់ស្តែងនូវ «ការមិនងាករេចំនួន២» ត្រូវធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ចំពោះទ្រព្យសម្បត្តិកម្មសិទ្ធិរដ្ឋ និងសហគ្រាសសកម្មសិទ្ធិរដ្ឋ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែងស្នូលរបស់សហគ្រាសកម្មសិទ្ធិរដ្ឋ។ ត្រូវប្រកាន់ខ្ជាប់នូវទិសដៅនៃកំណែទម្រង់ និងដោះស្រាយឱ្យបានត្រឹមត្រូវនូវទំនាក់ទំនងរវាងទំនួលខុសត្រូវផ្នែកសេដ្ឋកិច្ច និងទំនួលខុសត្រូវផ្នែកសង្គម របស់សហគ្រាសកម្មសិទ្ធិរដ្ឋ។ ទី៤ គឺត្រូវខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ និងប្រើប្រាស់ទុនបរទេស។ ត្រូវជំរុញការបើកទូលាយកម្រិតខ្ពស់ទៅកាន់ក្រៅប្រទេស និងលើកកម្ពស់គុណភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ ទី៥ គឺទប់ស្កាត់និងកាត់បន្ថយហានិភ័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំខាន់ៗប្រកបដោយប្រសិទ្ធភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន