(វ៉ាស៉ីនតោន)៖ ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក បៃដិនថា ទីក្រុងវ៉ាស៊ីនតោន «ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ» ក្នុងគោលដៅរួមគ្នាជាមួយប្រធានាធិបតីថ្មី របស់ប្រទេសប៉េរូ លោកស្រី ឌីណា ប៊ូលូអាត (Dina Boluarte)។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

សេចក្តីថ្លែងការរបស់ក្រសួងការបទេសអាមេរិក បានឲ្យដឹងថា ក្នុងជំនួបជាមួយមេដឹកនាំប្រទេសអាមេរិកខាងត្បូងដែលកំពុងប្រឈមនឹងវិបត្តិ លោក ប្ល៊ីនខិន បានលើកទឹកចិត្តដល់ស្ថាប័ន និងអាជ្ញាធរស៊ីវិលរបស់ប្រទេសប៉េរូ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើកំណែទម្រង់ និងការពារស្ថិរភាពប្រជាធិបតេយ្យ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា សហរដ្ឋអាមេរិកទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រីប្រធានាធិបតី ប៊ូលូអាត លើគោលដៅរួម និងឲ្យតម្លៃទៅលើលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សន្តិសុខ ការប្រឆាំងអំពើពុករលួយ និងវិបុលភាពសេដ្ឋកិច្ច។

គួរបញ្ជាក់ថា លោកស្រី ឌីណា ប៊ូលូអាត បានស្បថចូលកាន់តំណែង កាលពីថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីសមាជិកសភាបានបណ្តេញអតីតប្រធានាធិបតី លោក កាស្ទីយ៉ូ ចេញពីតំណែង បន្ទាប់ពីលោកបានប្រកាសផែនការរំលាយសភា ដោយនិយាយថាវាជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតនីតិរដ្ឋ និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ឥឡូវនេះ លោកស្រី ប៊ូលូអាត ក៏កំពុងប្រឈមមុខនឹងការទាមទាររបស់ក្រុមបាតុករឲ្យចុះចេញពីតំណែង ផងដែរ៕