(មីនស៍្ក)៖ ទាហានរុស្ស៉ី ដែលត្រូវបានបញ្ជូនឲ្យទៅឈរជើងនៅបេឡារុស ជាផ្នែកមួយនៃការបង្កើតកងកម្លាំងយោធារួមរបស់ប្រទេសទាំងពីរ កាលពីខែតុលា នឹងចូលរួមក្នុងសមយុទ្ធយុទ្ធសាស្រ្តកងវរសេនាតូច។ នេះបើតាម Interfax ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៉ី ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍នៅថ្ងៃចន្ទនេះថា «ការវាយតម្លៃចុងក្រោយនៃសមត្ថភាពប្រយុទ្ធ និងការត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំងរួម នឹងចេញលទ្ធផលនៅក្រោយបញ្ចប់សមយុទ្ធយុទ្ធសាស្រ្តរបស់កងវរសេនាតូច»។ ភ្លាមៗនេះ គេនៅមិនទាន់ដឹងច្បាស់ទេថា សមយុទ្ធនេះនឹងធ្វើឡើងនៅពេលណា ឬទីតាំងណាមួយនៃប្រទេសបេឡារុស នោះទេ។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិបេឡារុស ក្នុងខែតុលា ទាហានរុស្ស៉ីចំនួន ៩,០០០នាក់ ត្រូវបានបញ្ជូនឲ្យមកចូលរួមជាផ្នែកមួយនៃ «កងកម្លាំងរួម» ដើម្បីការពារព្រំដែនរបស់ខ្លួន៕