(វ៉ាស៉ីនតោន)៖ លោក ហេនរី ឃីសស៉ីងហ្គឺ (Henry Kissinger) អ្នកបង្កើតគោលនយោបាយសង្គ្រាមត្រជាក់ដែលភាពធូរស្រាលជាមួយសម័យអតីតសហភាពសូវៀត និងជាអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ទសវត្សរ៍ឆ្នាំ១៩៧០ បាននិយាយថាពេលវេលាកំពុងខិតកាន់តែជិតសម្រាប់ការចរចាសន្តិភាព នៅអ៊ុយក្រែន។ នេះបើយោង តាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។
សំណេរបស់លោក ឃីសស៉ីងហ្គឺ ដែលចុះផ្សាយក្នុងទស្សនាវដ្ដី The Spectator មានខ្លឹមសាយ៉ាងដូច្នេះថា «ពេលវេលាកាន់តែខិតជិតមកដល់ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ដែលបានត្រៀមទុករួច និងបញ្ចូលទៅក្នុងរចនាសម្ព័ន្ធថ្មី ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពតាមរយៈការចរចា»។
យ៉ាងណាក៏ដោយ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខៃឡូ ប៉ូដុលយ៉ាក់ (Mykhailo Podolyak) បានលើកឡើងថាកិច្ចព្រមព្រៀងណាមួយដែលលះបង់ទឹកដី អ៊ុយក្រែន នឹងក្លាយជាជ័យជម្នះសម្រាប់លោក ពូទីន ហើយវានឹងក្លាយរូបមន្តនៃភាពជោគជ័យ សម្រាប់មេដឹកនាំផ្តាច់ការនៅជុំវិញពិភពលោក។
គួរបញ្ជាក់ថា លោក ពូទីន បានចាប់ផ្តើម «ប្រតិបត្តិការយោធាពិសេស» ដែលអ៊ុយក្រែន និងលោកខាងលិចចាត់ទុកថាជាសង្រ្គាមឈ្លានពាន នៅពេលដែលមូស្គូ ចង់ស្វែងរកភាពខ្លាំង នៃរបបសហភាពសូវៀតឆ្នាំ១៩៩១ ត្រឡប់មកវិញ ចំពោះមុខការពង្រីកឥទ្ធិពលឥតឈប់ឈររបស់ប្លុកយោធាលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក។ ចំណែកទីក្រុងកៀវ និងលោកខាងលិចនិយាយថា លោក ពូទីន មិនមានហេតុផលអ្វីដែលត្រូវធ្វើសង្រ្គាម ដើម្បីដណ្តើមកាន់កាប់តាមបែបអធិរាជដូចសម័យកាលកន្លងទៅនោះឡើយ៕