(បាងកក)៖ យោធាថៃ នៅថ្ងៃចន្ទនេះបានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ដើម្បីតាមស្វែងរកទាហានម៉ារីន ៣៣នាក់ដែលបានបាត់ខ្លួន ក្រោយ នាវាចម្បាំងមួយគ្រឿងលិចនៅតំបន់ឈូងសមុទ្រថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។
នាវាចម្បាំង៣គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួននៅខេត្ត ប្រជួបគីរីខន្ធ (Prachuap Khiri Khan) ស្ថិតនៅភាគខាងត្បូង ទីក្រុងបាងកក ក្រោយនាវាចម្បាំង អេចធីអឹមអេស សុខោទ័យ (HTMS Sukhothai) មានបញ្ហាគ្រឿងម៉ាស៊ីន និងគាំងដំណើរការតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពាក់កណ្ដាលយប់ឈានចូលថ្ងៃចន្ទនេះ នៅចម្ងាយប្រហែល ៣៧គីឡូម៉ែត្រពីតំបន់ឆ្នេរ។
ក្រុមអ្នកជួយសង្រ្គោះបានចាប់ផ្ដើមធ្វើប្រតិបត្តិការទាំងយប់ដែរ នៅក្រោមអាកាសធាតុអាក្រក់ និងជួយសង្រ្គោះមនុស្ស៧៣នាក់ ក្នុងចំណោម១០៦នាក់ ដែលនៅលើ នាវចម្បាំងខាងលើ ខណៈ៣៣នាក់ទៀតបាត់ខ្លួន។
គួរបញ្ជាក់ថា នាវាចម្បាំង អេចធីអឹមអេស សុខោទ័យ (HTMS Sukhothai) ជាប្រភេទនាវាចម្បាំងផលិតដោយសហរដ្ឋអាមេរិក ហើយថៃបានប្រើនាវាចម្បាំងនេះ តាំងតែពីឆ្នាំ១៩៨៧មក ហើយបើតាមអ្នកទាំងកងទ័ពជើងទឹកថៃ នាវាចម្បាំងនេះត្រូវបានរលកសមុទ្រធំៗវាយប្រហារយ៉ាងខ្លាំងរហូតដល់លិចតែម្ដង៕