(កៀវ)៖ យោធាអ៊ុយក្រែនបានឱ្យដឹងថាយន្ដហោះដ្រូនសាហ៊ីដ (Shahed) ផលិតដោយអ៉ីរ៉ង់ចំនួន៩គ្រឿង ត្រូវបានបាញ់ទម្លាក់នៅក្នុងដែនអាកាសនៃរដ្ឋធានីកៀវ នៅព្រឹកថ្ងៃចន្ទនេះ ចំពោះមុខការបង្កើនយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram យោធាអ៊ុយក្រែនការពាររដ្ឋធានី បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធការពារដែនអាកាសក្នុងរដ្ឋធានី កៀវ នៅតែបន្តប្រុងជើងការខ្ពស់ និងកំពុងដំណើរ...ដោយសត្រូវបានវាយប្រហារលើរដ្ឋធានីជាមួយយន្ដហោះដ្រូនអត្តឃាតសាហ៊ីដ»។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ លម្អិតថាតើយន្ដហោះដ្រូនមានចំនួនប៉ុន្មាននោះទេ ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍ថាតើមានជនរងគ្រោះដែរឬក៏យ៉ាងណានោះដែរ?

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បាននិយាយថាកិច្ចការពារព្រំដែន គឺជាអាទិភាពជានិរន្តរ៍ ហើយប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចសម្រាប់សេណារីយ៉ូទាំងឡាយ ជាមួយរុស្ស៉ីក៏ដូចជាបេឡារុសដែលជាសម្ព័ន្ធមិត្ត របស់ទីក្រុងមូស្គូ និងដែលទីក្រុងកៀវ បានព្រមានថាអាចនឹងចូលរួមនៅក្នុងសង្រ្គាមសព្វថ្ងៃ។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាតាមវីដេអូមួយកាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ទៅកាន់ប្រជាជនអ៊ុយក្រែន អមជាមួយការអំពាវនាវឱ្យបណ្ដាប្រទេសលោកខាងលិចបញ្ជូនអាវុធបន្ថែម ក្នុងនោះរួមមានប្រព័ន្ធអាវុធការពារដែនអាកាសមកឱ្យទីក្រុងកៀវជាបន្ទាន់ ដើម្បីទប់ទល់ នឹងការទម្លាក់គ្រាប់បែកពីសំណាក់រុស្ស៉ី ខណៈលោក ពូទីននឹងបំពេញទស្សនកិច្ចទៅកាន់បេឡារុស នៅដើមសប្ដាហ៍នេះ៕