(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃចន្ទនេះថារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វ៉ុង (Penny Wong) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្ដាហ៍នេះ ហើយដែលនេះជាសញ្ញាមួយនៃវឌ្ឍនភាពនៅក្នុងទំនាក់ទំនងការទូតរវាងទីក្រុងប៉េកាំង និងទីក្រុង កង់បេរ៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី លោកស្រី វ៉ុង នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងបើកកិច្ចសន្ទនាយុទ្ធសាស្ត្រ និងទំនាក់ទំនងការបរទេសអូស្ត្រាលី-ចិន លើកទី៦ ចំពេលនៃការប្រារព្ធខួបលើកទី៥០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ សប្ដាហ៍នេះ។

លោក Anthony Albanese បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «អូស្ត្រាលីនឹងស្វែងរកទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយចិន។ យើងនឹងធ្វើ កិច្ចសហប្រតិបត្តិការនឹងគ្នា បើវាអាចធ្វើទៅបាន ហើយនឹងមិនចុះសម្រុងគ្នា បើយើងត្រូវតែធ្វើវាដើម្បីផលប្រយោជន៍ជាតិ»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេននី វ៉ុង នឹងក្លាយជាដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងលើកដំបូងបំផុត ដោយរដ្ឋមន្ត្រីអូស្ត្រាលីម្នាក់ ចាប់តាំងពី ឆ្នាំ២០១៩៕