(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នៅថ្ងៃចន្ទសប្ដាហ៍នេះនឹងប្រកាសផ្ដល់កញ្ចប់ជំនួយកំាភ្លើងធំថ្មីដ៏ធំមួយ សម្រាប់អ៊ុយក្រែន កំលុងកិច្ចប្រជុំជាមួយបណ្ដាប្រទេសមកពីតំបន់ ន័រឌីគ (Nordic) បាល់ទិក និងសមភាគីហូឡង់ នៅក្នុងទីក្រុងរីហ្កា (Riga) ប្រទេសឡេតូនី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

លោក ស៊ូណាក់ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅដល់ប្រទេសឡេតូនី នៅថ្ងៃចន្ទនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពីការបន្តកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន នៅក្នុងតំបន់ន័រឌីគ រួមទាំងតំបន់បាល់ទិក។ បើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយការិយាល័យរបស់លោក ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះនឹងអំពាវនាវឱ្យបណ្ដាប្រទេសលោកខាងលិចបង្កើន ឬក៏រក្សាឱ្យបាននូវកម្រិតគាំទ្រក្នុងឆ្នាំ២០២២នេះដល់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៣ខាងមុខ។

មិនតែប៉ុណ្ណោះ លោក ស៊ូណាក់ ក៏នឹងប្រកាសផងដែរពីការផ្ដល់ជំនួយអាវុធមានទំហំ៣០៤លានដុល្លារផងដែរ រួមបញ្ចូលទាំងគ្រាប់រំសេវកាំភ្លើងធំសំដៅរក្សាឱ្យបាន នឹងការផ្គត់ផ្គង់គ្រាប់រំសេវសម្រាប់កាំភ្លើងធំដល់អ៊ុយក្រែន ក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា កិច្ចប្រជុំ JEF នៅថ្ងៃចន្ទសប្ដាហ៍នេះនឹងមានការចូលរួមពីមេដឹកនាំមកពីប្រទេសដាណឺម៉ាក អេស្ដូនី ហ្វាំងឡង់ អ៉ីស្លង់ ឡេតូនី លីទុយអានី ហូឡង់ ន័រវែស ស៊ុយអែត និងចក្រភពអង់គ្លេស ខណៈលោក ហ្សេលេនស្គី នឹងថ្លែងសុន្ទរកថាតាមវីដេអូទៅកាន់កិច្ចប្រជុំនេះ៕