(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាកិច្ចការពារព្រំដែន គឺជាអាទិភាពជានិរន្តរ៍ ហើយប្រទេសរបស់លោកបានត្រៀមខ្លួន ជាស្រេចសម្រាប់សេណារីយ៉ូទាំងឡាយ ជាមួយរុស្ស៉ី ក៏ដូចជាបេឡារុសដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ និងដែលទីក្រុងកៀវ បានព្រមានថាអាចនឹងចូលរួមនៅ ក្នុងសង្រ្គាមសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាតាមវីដេអូមួយកាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ទៅកាន់ប្រជាជនអ៊ុយក្រែន អមជាមួយការអំពាវនាវឱ្យបណ្ដាប្រទេសលោកខាងលិចបញ្ជូនអាវុធបន្ថែម ក្នុងនោះរួមមានប្រព័ន្ធអាវុធការពារដែនអាកាសមកឱ្យទីក្រុងកៀវជាបន្ទាន់ ដើម្បីទប់ទល់ នឹងការទម្លាក់គ្រាប់បែកពីសំណាក់រុស្ស៉ី ខណៈនៅព្រឹកថ្ងៃចន្ទនេះដែរ ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងឡើង នៅក្បែររដ្ឋធានីកៀវ និងតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន។

នៅក្នុងសុន្ទរកថាដដែល លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «កិច្ចការពារព្រំដែនរបស់យើង ទំាងជាមួយរុស្ស៉ី និងបេឡារុស គឺជាអាទិភាពជានិរន្តរ៍របស់ យើង...យើងត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់សេណារីយ៉ូដែលអាចនឹងកើតឡើង»

គួរបញ្ជាក់ថា ទីក្រុងកៀវ ធ្លាប់បានព្រមានជាច្រើនលើកមកហើយថាបេឡារុស អាចនឹងចូលរួមជាមួយកងទ័ពរុស្ស៉ី ដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ស្របពេល មានសេចក្ដីរាយការណ៍ថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់បេឡារុស នៅដើមសប្ដាហ៍នេះ។ បើតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យប្រធានាធិបតីបេឡារុស លោក លូកាសិនកូ គឺកំលុងទស្សនកិច្ចរបស់លោក ពូទីន ប្រធានាធិបតីប្រទេសទាំងពីរ នឹងផ្តោតអាទិភាពទៅលើបញ្ហា សន្តិសុខ ហើយផ្លាស់ប្តូរទស្សនៈគ្នាជុំវិញស្ថានការណ៍សន្តិសុខ នៅក្នុងតំបន់និងពិភពលោក ប៉ុន្តែសេចក្តីថ្លែងការណ៍នោះ មិនមានការលើកឡើងអំពីអ៊ុយក្រែន ឡើយ៕