(សេអ៊ូល)៖ កូរ៉េខាងត្បូងនិងជប៉ុនបានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលបាលិស្ទីគសរុប២គ្រាប់ ទៅធ្លាក់ចូលក្នុងផ្ទៃសមុទ្រ នៅឯភាគខាងកើតឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២។
សេនាធិការចម្រុះយោធាកូរ៉េខាងត្បូង (JCS) បាននិយាយថា មីស៉ីលបាលិស្ទីគទាំង២គ្រាប់នោះ ជាប្រភេទរយៈចម្ងាយមធ្យម ហើយកំលុងការធ្វើតេស្តសាកល្បងខាងលើ ពួកវាហោះបានចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ខណៈការបាញ់គឺត្រូវបានធ្វើឡើងក្នុងមុំយ៉ាងចោត ហើយមីស៉ីលទាំងនោះ បានធ្លាក់ចូលក្នុងសមុទ្រខាងកើត ឬហៅថាសមុទ្រជប៉ុន។ រីឯរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក តូស៉ីរូ អ៉ីណូ (Toshiro Ino) បានប្រាប់ថា គ្រាប់មីស៉ីលរបស់កូរ៉េខាងជើង ទំនងជាបានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ទីក្រុងព្យុងយ៉ាងបានបាញ់តេស្តមីស៉ីលក្នុងចំនួនច្រើនមិនធ្លាប់មានឡើយ។ កាលពីពាក់កណ្តាលខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICMB ដែលទីក្រុងតូក្យូអះអាងថា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការហោះទៅដល់សហរដ្ឋអាមេរិក និងដែលបានធ្លាក់ក្នុងតំបន់ EEZ នៃប្រទេសជប៉ុន គឺត្រឹម២០០គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេររបស់ជប៉ុន៕