(លីម៉ា)៖ ប្រធានាធិបតីប៉េរូថ្មីលោកស្រី ឌីណា បូលូអាត (Dina Boluarte) បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកស្រីនឹងពុំចុះពីតំណែងឡើយ នៅចំពោះមុខបាតុកម្មហិង្សាដែលបានផ្ទុះឡើង ក្រោយការទម្លាក់ប្រធានាធិបតីមុនពីអំណាច ខណៈដែលលោកស្រីនៅតែបន្តទទូចឱ្យសភា ពន្លឿនកាលរិច្ឆេទបោះឆ្នោតសកល ដើម្បីជាមធ្យោបាយបន្សាបកំហឹងក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២។
កាលពីថ្ងៃសុក្រសភាប៉េរូបានបោះឆ្នោតទាត់ចោល សេចក្តីព្រាងច្បាប់មួយដែលសំដៅរៀបចំការបោះឆ្នោតសកល នៅខែធ្នូ ឆ្នាំ២០២៣ គឺឆាប់ជាងកាលបរិច្ឆេទដែលបានកំណត់ទុកជាង២ឆ្នាំ ខណៈបាតុកម្មបានធ្វើឱ្យភ្ញៀវទេសចររាប់ពាន់នាក់ ជាប់ខ្លួនគាំងចេញទីណាមិនរួច នៅក្បែររមីយដ្ឋានប្រវត្តិសាស្រ្ត ម៉ាជូ ពីជូ (Machu Picchu) ហើយក្រុមបាតុករនិងសមាជិកសភាមួយចំនួន បានអំពាវនាវឱ្យលោកស្រី បូលូអាត លាលែងពីតំណែង។
យ៉ាងណាក្តី ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ កាលពីថ្ងៃសៅរ៍ លោកស្រីប្រធានាធិបតីប៉េរូបាននិយាយដូច្នេះថា «តើអ្វីទៅដែលអាចដោះស្រាយបាន តាមរយៈការលាលែងរបស់ខ្ញុំ? ពួកយើងនឹងបន្តឈរនៅទីនេះដោយឥតងាករេឡើយ រហូតទាល់តែសភាយល់ព្រមលើកការបោះឆ្នោត មករៀបចំឱ្យឆាប់ជាងការកំណត់»។ កាលពីថ្ងៃសុក្រ ប្រធានសភាតំណាងរាស្រ្តប៉េរូ បានប្រាប់ថា ការបោះឆ្នោតលើបញ្ហាកាលវិភាគ នៃការបោះឆ្នោតសកល អាចនឹងត្រូវពិចារណាឡើងវិញ កំលុងសម័យប្រជុំបន្ទាប់របស់សភា។
គួរបញ្ជាក់ថា ប្រទេសអាមេរិកខាងត្បូងមួយនេះ បានធ្លាក់ទៅក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរ កាលពីថ្ងៃទី៧ ខែធ្នូ នៅពេលប្រធានាធិបតីលោក ផេដ្រូ កាស្ទីឡូ (Pedro Castillo) ត្រូវបានទម្លាក់ពីអំណាចនិងចាប់ខ្លួន ក្រោយលោកព្យាយាមរំលាយសភា ដែលគ្រប់គ្រងដោយបក្សប្រឆាំង ហើយចង់ដឹកនាំប្រទេសដោយពុំចាំបាច់មានការឯកភាពពីសភា។ ភាពវឹកវរដែលបានផ្ទុះឡើង នៅទីក្រុងនិងតំបន់ជាច្រើននៃប្រទេសប៉េរូ បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច ១៨នាក់ ក្នុងនោះរួមមានទាំងអនីតិជនផងដែរ៕