(មូស្គ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃអាទិត្យនេះ បានប្រកាសថា ប្រមុខការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានចុះធ្វើអធិការកិច្ចកងកម្លាំងរបស់រុស្ស៉ី ដែលជាប់ពាក់ព័ន្ធក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងការពារជាតិរុស្ស៉ីបានប្រកាសពីដំណឹងខាងលើ តាមរយៈប្រព័ន្ធតេលេក្រាមថា លោក Shoigu បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ហោះហើរជុំវិញតំបន់ដែលកងទ័ពត្រូវបានដាក់ពង្រាយ និងបានត្រួតពិនិត្យទីតាំងជួរមុខរបស់កងកម្លាំងរុស្ស៉ី នៅក្នុងតំបន់នៃអ្វីដែលខ្លួននៅតែបន្តហៅថា «ប្រតិបត្តិការយោធាពិសេស»។ វាពុំច្បាស់ទេថា ដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្រ្តីការពារជាតិរុស្ស៉ី កើតឡើងកាលពីពេលណា ឬក៏ថាតើ លោក Shoigu បានធ្វើដំណើរទៅដល់អ៊ុយក្រែនតែម្តងឬយ៉ាងណា។
ទីក្រុងមូស្គូហៅការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» ចាប់តាំងពីសង្រ្គាមផ្ទុះឡើងដំបូង ហើយមានគោលដៅ «រំសាយយោធា» និង «លុបបំបាត់គំនិតណាហ្ស៉ីនិយម» នៅក្នុងប្រទេសជិតខាងរបស់ខ្លួនមួយនេះ។ យ៉ាងណាមិញ ទីក្រុងកៀវនិងសម្ពន្ធមិត្តលោកខាងលិច ហៅទង្វើរបស់រុស្ស៉ីថាជា សកម្មភាពឈ្លានពានដើម្បីត្រួតត្រាទឹកដីសុទ្ធសាធ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទើបតែបានបើកកិច្ចប្រជុំមួយ ជាមួយមន្រ្តីយោធាកំពូលៗរបស់លោក រួមមានទាំងលោក Shoigu ផ្ទាល់ផងដែរ ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តនៃសង្រ្គាមនៅអ៊ុយក្រែន៕