(សេអ៊ូល)៖ យោធារបស់ទីក្រុងសេអ៊ូលបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះកូរ៉េខាងជើងបានបាញ់តេស្ត មីស៉ីលបាលិស្ទីគដែលមិនទាន់អាច​កំណត់ប្រភេទបានយ៉ាងហោច ១គ្រាប់ បន្ទាប់ពីទីក្រុងព្យុងយ៉ាងទើបតែបានប្រកាសជោគជ័យ ពីការសាកល្បងម៉ាស៉ីនម៉ូទ័រដែលដំណើរការ​ដោយឥន្ធនៈរឹ ងសម្រាប់ប្រព័ន្ធសព្វាវុធថ្មីរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២។

សេនាធិការចម្រុះយោធាកូរ៉េខាងត្បូងបានបន្តថា មីស៉ីលបាលិស្ទីគដែលកូរ៉េខាងជើងបាញ់តេស្តខាងលើ បានធ្លាក់ចូលសមុទ្រខាងកើត ដែលត្រូវគេស្គាល់ដោយឈ្មោះមួយផ្សេងថា សមុទ្រជប៉ុន។ នៅក្នុងឆ្នាំ២០២២នេះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តបាញ់មីស៉ីលច្រើនលើក​ជាទីបំផុត ក្នុងនោះរួមមានទាំងការបាញ់មីស៉ីលបាលិស្ទីគអន្តរទ្វីប ឬ ICBM ដែលមានសមត្ថភាពខ្ពស់បំផុតរបស់ខ្លួនផងដែរ កាលពីមួយ​ខែមុន។

គួរបញ្ជាក់ថា មីស៉ីល ICBM ទាំងអស់របស់កូរ៉េខាងជើងទាំងអស់ ដែលអន្តរជាតិបានដឹង គឺសុទ្ធតែដំណើរការដោយឥន្ធនៈប្រភេទរាវ ប៉ុន្តែ​លោក គីម ជុងអ៊ុន បានផ្តោតអាទិភាពយុទ្ធសាស្រ្តជាចម្បងទៅលើ ការអភិវឌ្ឍម៉ាស៉ីនដែលដំណើរការដោយឥន្ធនៈរឹង សម្រាប់បំពាក់លើមីស៉ីលទំនើបៗជំនាន់ថ្មី។

តួយ៉ាងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានទទួលជោគជ័យនៃការធ្វើតេស្តម៉ាស៉ីនម៉ូទ័រមួយ ដែលប្រើថាមពលឥន្ធនៈរឹង ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងអះអាងថា វាជាការសាកល្បងដ៏សំខាន់ សម្រាប់កិច្ចប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធសព្វាវុធយុទ្ធសាស្រ្តប្រភេទថ្មីមួយទៀត៕