(កៀវ)៖ មន្ត្រីរុស្ស៊ីម្នាក់ បាននិយាយនៅថ្ងៃសៅរ៍នេះថាខែលការពារខ្លួនមួយកំពុងត្រូវបានបង្កើតឡើង នៅលើកន្លែងស្តុកទុកកាកសំណល់នុយក្លេអ៊ែរ ដែលបញ្ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ដើម្បីការពារវាពីការបាញ់ផ្លោង និងយន្តហោះដ្រូន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២។
ខ្សែវីដេអូដែលបានផ្សព្វផ្សាយដោយលោក វ្ល៉ាឌីមៀ រ៉ូហ្គូវ (Vladimir Rogov) ជាមន្ត្រីរុស្ស៉ីលើកបន្តុបនៅតំបន់ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា បង្ហាញឲ្យឃើញកម្មករកំពុងដំឡើងផ្ទាំងមួយចំនួននៅលើស៊ីឡាំងបេតុងរាប់សិបដែលមានកម្ពស់ប្រហែល ៥ម៉ែត្រ។
មន្រ្តីដែលរុស្ស៉ីលើកបន្តុបរូបនេះ បាននិយាយថា វានឹងការពារពីគ្រាប់ផ្លោង ឬឧបករណ៍បំផ្ទុះដែលគប់ចេញពីយន្តហោះដ្រូន ហើយវានឹងមានសារៈសំខាន់នៅពេលក្រោយ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាជុំវិញស្ថានីយ៍ថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ក្នុងរយៈពេល ១០ខែនៃជម្លោះបានបង្កើនការភ័យខ្លាចនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ។ ទាំងទីក្រុងកៀវ និងទីក្រុងមូស្គូ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបាញ់ផ្លោងបណ្តាលឲ្យដាច់ដំណើរការម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៦ នៃរោងចក្រនេះ៕