(ប៉េកាំង)៖ យប់ថ្ងៃទី១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ដំណាក់កាលទីពីរ នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី១៥ ដែលបើកធ្វើនៅក្រុង Montreal ប្រទេសកាណាដា ដោយបានអំពាវនាវថា «រួមគ្នាជំរុញ ការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ រួមគ្នាបង្កើតសហគមន៍រួមជីវិតរបស់ភពផែនដី ក៏ដូចជារួមគ្នាកសាងពិភពលោក ដ៏ស្រស់ប្រិមប្រិយ» ព្រមទាំងបានលើកឡើងនូវគំនិតផ្តួចផ្តើមបួនចំណុចដើម្បីសម្រេចបាននូវគោលដៅនេះ។

នេះជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់ប្រទេសចិនក្នុងនាមជាប្រទេសប្រធានផ្លាស់វេននៃកិច្ចប្រជុំ COP15 ដើម្បីជំរុញអភិបាលកិច្ចជីវចម្រុះសកល។ បច្ចុប្បន្ននេះ ជីវចម្រុះប្រឈមនឹង «វិបតិ្ត និងឱកាស»។ ទីមួយគឺ «វិបតិ្ត» ក្នុងរយៈពេល១រយឆ្នាំកន្លងមក សកម្មភាពរបស់មនុស្សជាតិបណ្តាលឱ្យល្បឿន ផុតពូជជីវសាស្រ្តលឿនជាងការផុតពូជដោយធម្មជាតិលើសពី១០០ដង។ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថា តាមការប៉ាន់ប្រមាណដល់ឆ្នាំ២០៣០ ការថមថយចុះនៃប្រព័ន្ធបរិស្ថានសកលនឹងបណ្តាលឱ្យមានការខាតបង់ចំនួន៣ទ្រីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទីពីរគឺ «ឱកាស»

គោលដៅសំខាន់បំផុតរបស់កិច្ចប្រជុំ COP15 គឺតាក់តែងនិងអនុម័ត «ក្របខ័ណ្ឌជីវចម្រុះសកលបន្ទាប់ពីឆ្នាំ២០២០»។ បើសិនជាអាចសម្រេចបាន នោះនឹង បង្កើត «ឱកាសជាប្រវត្តិសាស្ត្រ» ក្នុងការកំណត់គោលដៅនិងមធ្យោបាយយ៉ាងច្បាស់លាស់ ដើម្បីការពារជីវចម្រុះក្នុងរយៈពេល១០ឆ្នាំ ឬកាន់តែយូរ នៅពេលអនាគត។ ក្នុងបរិបទបែបនេះ កិច្ចប្រជុំ COP15 បានធ្វើឡើងក្រោមប្រធានបទ «អរិយធម៌អេកូឡូស៊ី៖ រួមគ្នាកសាងសហគមន៍រួមជីវិតរបស់ភពផែនដី»។ ថ្លែងក្នុងសុន្ទរកថា លើកនេះ លោក Xi Jinping បានអំពាវនាវថា ត្រូវប្រមូលផ្តុំគំនិតឯកភាពរួមស្តីពីការអភិរក្សជីវចម្រុះ ជំរុញដំណើរសកលនៃការអភិរក្សជីវចម្រុះ ជំរុញការអភិវឌ្ឍ បៃតង គាំពាររបៀបរៀបរយសកលនៃការអភិរក្សជីវចម្រុះប្រកបដោយភាពយុត្តិធម៌និងសមហេតុផល តាមរយៈការអភិរក្សជីវចម្រុះ។

គំនិតផ្តួចផ្តើមចំណុចទាំងបួននេះបានកំណត់គោលដៅផង ហើយក៏មានមធ្យោបាយផង ដែលបានចង្អុលបង្ហាញនូវទិសដៅសម្រាប់ការគ្រប់គ្រងជីវចម្រុះសកល។ ដើម្បីរួមគ្នាកសាងសហគមន៍រួមជីវិតរបស់ភពផែនដី ប្រទេសចិនបានធ្វើសកម្មភាពយ៉ាងប្រាកដប្រជា។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិន បានក្លាយជាប្រទេសដែលមានប្រភពធនធានព្រៃឈើកើនឡើងច្រើនជាងគេ និងមានទំហំដីដាំដើមឈើបង្កើតព្រៃសិប្បនិមិត្តធំជាងគេនៅលើពិភពលោក ហើយបានក្លាយជាប្រទេសដែលមាន «ទីក្រុងដីសើមអន្តរជាតិ» ច្រើនបំផុតនៅលើពិភពលោក ក្រៅពីនេះ ប្រទេសចិនក៏បាននិងកំពុងបង្កើតជាប្រព័ន្ធ ឧទ្យានជាតិធំជាងគេនៅលើពិភពលោកផងដែរ។ល។

«ប្រការឈានមុខ» ទាំងនេះ ជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីជំរុញកិច្ចកសាងអរិយធម៌អេកូឡូស៊ី និងការអភិរក្សាជីវចម្រុះ។ ពេលវេលា មិនរង់ចាំពួកយើងទេ។ ក្រោមកិច្ចសម្របសម្រួលនិងជំរុញយ៉ាងសកម្មរបស់ប្រទេសចិន បណ្តាភាគីនានាគួរតែបង្ហាញការបេ្តជ្ញាចិត្ត និងកម្លាំងប្រតិបតិ្តរួមគ្នា ជំរុញការអនុម័ត «ក្របខ័ណ្ឌជីវចម្រុះសកលបន្ទាប់ពីឆ្នាំ២០២០» ដើម្បីនាំមកនូវ «គ្រាក្រុងប៉ារីស» ដល់ការអភិរក្សជីវចម្រុះសកល ក៏ដូចជាបង្កើតឱកាស ដ៏ល្អប្រសើរ ដើម្បីរួមគ្នាបង្កើតសហគមន៍រួមជីវិតរបស់ភពផែនដីផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន