(មូស្គូ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបើកកិច្ចប្រជុំជាមួយមន្ត្រីយោធាកំពូលៗរបស់លោកស្ដីពីយុទ្ធសាស្ត្រសង្រ្គាមនៅអ៊ុយក្រែន ខណៈទីក្រុងមូស្គូ កំពុងបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែក ក្នុងរដូវរងានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសៅរ៍នេះ វិមានក្រឹមឡាំង បានឱ្យដឹងថាជំនួបខាងលើ ធ្វើឡើងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ វិមានក្រឹមឡាំង បានគូសបញ្ជាក់ដូច្នេះថា «កាលពីថ្ងៃសុក្រ លោកប្រធានាធិបតី បានចំណាយពេលពេញមួយថ្ងៃ នៅក្នុងជំនួបជាមួយមន្ត្រីយោធាពាក់ព័ន្ធនឹងប្រតិបត្តិការយោធា ពិសេសនៅអ៊ុយក្រែន ក្នុងនោះរួមមានរដ្ឋមន្ត្រីការពារជាតិ លោក សឺហ្គៃ សយហ្គូ ( Sergei Shoigu) និងអគ្គនាយសេនាធិការ លោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) រួមទាំងមានជំនួបដាច់ដោយឡែកជាមួយមេបញ្ជាការមកពីគ្រប់កងអង្គភាពយោធាទាំងអស់»

បន្ថែមពីលើនេះ នៅក្នុងសម្រង់សម្ដីមួយ លោក ពូទីន ក៏បានកត់សម្គាល់ដែរថា «ខ្ញុំចង់ស្ដាប់ការលើកឡើងនូវសំណើរបស់អ្នក ចំពោះសកម្មភាពរបស់ពួកយើង នៅក្នុងរយៈពេលខ្លី និងមធ្យម»

គួរបញ្ជាក់ថា រុស្ស៉ី កាលពីថ្ងៃសុក្រនោះដែរ បានបើកការវាយប្រហារតាមផ្លូវអាកាស ដោយបាញ់ស្រោចមីស៊ីល លើទីក្រុងជាច្រើនរបស់អ៊ុយក្រែនដែលកំពុង ប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនី ខ្វះខាតទឹក និងប្រព័ន្ធកម្ដៅ នៅចំពោះមុខសីតុណ្ហភាពដ៏ត្រជាក់។ ប្រទេសលោកខាងលិចចាត់ទុកថាទង្វើបំផ្លិចបំផ្លាញ របស់រុស្ស៉ីដែលមានចេតនាបង្កកប្រជាជនអ៊ុយក្រែន គឺជាឧក្រិដ្ឋកម្មសង្រ្គាម៕