(ឆាប្រា, ឥណ្ឌា)៖ ក្រមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថាមនុស្សយ៉ាងហោច ៣៧នាក់ បានស្លាប់ដោយសារពុលស្រា នៅក្នុងរដ្ឋ ប៊ីហា (Bihar) ស្ថិតនៅភាគខាងកើតនៃប្រទេស ជាទីដែលការលក់ស្រាត្រូវបានហាមឃាត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២។

ក្រុមគ្រួសារជនរងគ្រោះក្នុងករណីពុលស្រាខាងលើ ក៏បានអះអាងដែរថាមនុស្សមកពីតាមភូមិជាច្រើន បានផឹកស្រាផលិតនៅក្នុងស្រុកមានឈ្មោះថា ម៉ាហួរ (Mahua) ឬដេស៉ី ដារូ (Desi Daru) កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ នៅឯពិធីមង្គលការ និងពិធីបុណ្យដទៃ។ អ្នកដែលបានផឹកទាំងនោះ មានអាការៈ ឈឺពោះ ស្រវំាងភ្នែក និងក្អួត ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះមានមនុស្ស ២០នាក់បានស្លាប់ និងថ្ងៃសៅរ៍នេះ អ្នកស្លាប់បានកើនឡើង៣៧នាក់ និងជាច្រើននាក់ទៀតកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ជុំវិញករណីពុលស្រានេះផងដែរ ប៉ូលិសឥណ្ឌា បានឃាត់ខ្លួនមនុស្សជាង ១០០នាក់ និងបានរឹបអូសស្រាខុសច្បាប់ជាង ៦០០លីត្រ។

គួរបញ្ជាក់ថា ការលក់ស្រា ត្រូវបានហាមឃាត់នៅតាមផ្នែកច្រើននៃប្រទេសឥណ្ឌា ដោយជំរុញឱ្យអ្នកដែលចង់ផឹកស្រាមួយចំនួន ត្រូវរកទិញស្រាពីផ្សារងងឹត ហើយជួនកាលប៉ះចំស្រាមានជាតិអេតាណុលខ្ពស់ដែលបានសម្លាប់ជីវិតមនុស្សរាប់រយនាក់ ក្នុងមួយឆ្នាំៗ នៅក្នុងប្រទេសយក្សអាស៊ីមួយនេះ៕