(ញូវដេលី)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ដល់ឱ្យលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) នូវមូលដ្ឋានវាយតម្លៃពី ជម្លោះនៅអ៊ុយក្រែន កំលុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ខណៈភាគីទាំង២ បានបង្ហាញការពេញចិត្តចំពោះការធំធាត់ឡើង នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិមានក្រឹមឡាំង បានបញ្ជាក់ថាលោក ពូទីន បានផ្ដល់មូលដ្ឋានវាយតម្លៃពីសង្រ្គាមនៅអ៊ុយក្រែន តាមសំណើរបស់លោក ម៉ូឌី។ សេចក្ដីថ្លែងការណ៍នេះដដែលបានបន្ថែមទៀតថាទាំងលោក ពូទីន និងលោក ម៉ូឌី ក៏បានបង្ហាញផងដែរពីការពេញចិត្តចំពោះការកើនឡើងនៃ កិច្ចសហប្រតិបត្តិការនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ និងបានពិភាក្សាគ្នាពីទិដ្ឋភាពនានាសម្រាប់ឱ្យប្រទេសទាំង៣ អាចធ្វើការងាររួមគ្នានៅក្នុងវិស័យជាច្រើន ដូចជាវិនិយោគ ថាមពល កសិកម្ម ដឹកជញ្ជូន និងភស្ដុភារ។ តែវិមានក្រឹមឡាំងមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។
ដោយឡែក សារព័ត៌មានឥណ្ឌា ANI ដោយផ្អែកលើការស្រង់សម្ដីពីការិយាល័យលោក ម៉ូឌី បានរាយការណ៍ថានៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោក ពូទីន លោក ម៉ូឌី បានបញ្ជាក់ឡើងវិញពីការអំពាវនាវរបស់លោកឱ្យមានកិច្ចសន្ទនា និងផ្លូវការទូត ដែលលោកផ្ទាល់យល់ថាជាមធ្យោបាយតែមួយគត់ ដើម្បី ដោះស្រាយជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ នៅឯកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ លោក ម៉ូឌី ធ្លាប់បានប្រាប់លោក ពូទីន ម្ដងរួចមកហើយថា សព្វថ្ងៃមិនមែនជាយុគសម័យត្រូវធ្វើសង្រ្គាមនោះទេ៕