(ព្រុចសែល)៖ ប្រមុខទីភ្នាក់ងារការពារជាតិ នៃសហភាពអឺរ៉ុប លោក ហ្ស៉ីរី សេឌីវី (Jiri Sedivy) បាននិយាយថាសហភាពអឺរ៉ុបគួរតែរួបរួមគ្នាទិញអាវុធ ដើម្បីបំពេញស្ដុក បន្ទាប់ពីការផ្គត់ផ្គង់ដល់អ៊ុយក្រែន អមជាមួយការព្រមានដែរថាសហរដ្ឋអាមេរិកមិនអាចធ្វើជាខែលការពារអឺរ៉ុប ពីការគំរាមកំហែងនានា ជារៀងរហូត ឬគ្រប់ពេលនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២។

លោក ហ្ស៉ីរី សេឌីវី ជានាយកប្រតិបត្តិការទីភ្នាក់ងារការពារជាតិអឺរ៉ុប ធ្វើការកត់សម្គាល់ខាងលើប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក សេឌីវី បានគូសបញ្ជាក់ដូច្នេះថា «សង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្ហាញរួចទៅហើយពីភាពចន្លោះប្រហោងនៃសមត្ថភាពរបស់យើង... ដូច្នេះអ្វីដែលជារឿងចាំបាច់ នៅពេលនេះ គឺសហភាពអឺរ៉ុបគួរតែរួមគ្នាទិញអាវុធ និងគ្រាប់រំសេវ»។ លោកបន្ថែមទៀតថា សព្វថ្ងៃសហរដ្ឋអាមេរិកកំពុងផ្ដោត ជាសំខាន់លើតំបន់អាស៊ីប៉ាស៊ីហ្វិក ម្លោះហើយទីក្រុងវ៉ាស៊ីនតោនមិនអាចការពារអឺរ៉ុបជារៀងរហូតនោះទេ។

គួរបញ្ជាក់ថា វិស័យការពារជាតិអឺរ៉ុប បានចំណាយជាង ២០០ពាន់លានអឺរ៉ូ ជាលើកដំបូងកាលពីឆ្នាំ២០២១ ឬកើនឡើង ៦ភាគរយ បើធៀបទៅនឹង ឆ្នាំ២០២០ ខណៈសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ក៏បាន និងកំពុងជំរុញឱ្យប្រទេសអឺរ៉ុបមួយចំនួន ស្វះស្វែងពង្រឹងសមត្ថភាពយោធា និងបង្កើនកញ្ចប់ថវិកាយោធាផងដែរ៕