(ហ្សឺណែវ)៖ មន្ត្រីមួយរូបមកពីអង្គការសុខភាពពិភពលោក WHO បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺអាសន្នរោគ ស្ទើរតែជិតអស់ពីស្ដុកទៅហើយ ខណៈ ការឆ្លងរាលដាលនៃជំងឺមួយនេះកំពុងកើនឡើងជាលំដាប់ នៅជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២។

បើតាមអង្គការ WHO អត្រាអ្នកស្លាប់ដោយសារជំងឺអាសន្នរោគ បាន និងកំពុងកើនឡើងក្នុងកម្រិតមួយដ៏ខ្ពស់ ដោយប្រទេសចំនួន៣០ នៅជុំវិញពិភពលោក បានរាយការណ៍ពីករណីឆ្លងរាលដាល នៅក្នុងឆ្នាំ២០២២នេះ។ ជុំវិញបញ្ហាខ្វះខាតវ៉ាក់សាំងនេះដែរ លោក ហ្វីលីព បាបូហ្សា (Philippe Barboza) ជាប្រធានក្រុមការងារ WHO ទទួលបន្ទុកប្រយុទ្ធប្រឆាំងជំងឺអាសន្នរោគ បានគូសបញ្ជាក់ក្នុងសន្និសីទមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះដូច្នេះថា «យើងមិនមាន វ៉ាក់សាំងបន្ថែមនោះទេ ហើយប្រទេសជាច្រើនកំពុងបន្តស្នើវ៉ាក់សាំង ដែលនេះកំពុងក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយ»

គួរបញ្ជាក់ថា ជាធម្មតា វ៉ាក់សាំងប្រឆាំងជំងឺអាសន្នរោគ ៣៦លានដូស មាននៅក្នុងស្ដុកក្នុងរយៈពេលមួយឆ្នាំ។ ប៉ុន្តែ ការខ្វះខាតវ៉ាក់សាំងនៅក្នុងឆ្នាំ២០២២ នេះ ក៏បានបង្ខំឱ្យ WHO ផ្អាកជាបណ្ដោះអាសន្នផងដែរនូវយុទ្ធសាស្ត្រស្ដង់ដារចាក់វ៉ាក់សាំងបង្ការចំនួន ២ដូស កាលពីខែតុលាកន្លងទៅ៕