(គូឡាឡាំពួ)៖ ក្រុមអ្នកជួយសង្រ្គោះម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ចំនួនមនុស្សស្លាប់បានកើនដល់ ២១នាក់ហើយ ក្នុងនោះមានកុមារ ៥នាក់ បន្ទាប់ពីគ្រោះរអិលបាក់ដី បានវាយប្រហារចំតំបន់បោះជំរំកម្សាន្តមួយកន្លែង នៅឯប្រទេសម៉ាឡេស៉ី។ នេះបើតាម​ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

ហេតុការណ៍ខាងលើបានកើតឡើងក្នុងរដ្ឋ សេឡាន់ហ្គ័រ (Selangor) នៅជាយទីក្រុងគូឡាឡាំពួ នាវេលាមុនម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ ហើយត្រូវចំតំបន់កសិដ្ឋានសម្រាប់បោះជំរំកម្សាន្តមួយកន្លែង ដែលស្ថិតនៅក្រោមជម្រាលភ្នំ។ អាជ្ញាធរម៉ាឡេស៉ី បានឱ្យដឹងថាមនុស្សជាង៩០នាក់ បានរងគ្រោះក្នុងហេតុការណ៍ ប៉ុន្តែ៦១នាក់ត្រូវបានរកឃើញ និងមួយចំនួនទៀតនៅបន្តបាត់ខ្លួន។

កសិដ្ឋានខាងលើដែលមិនមានអាជ្ញាប័ណ្ណរៀបចំ ការបោះជំរំកម្សាន្ត អាចនឹងរងការពិភ័យ ប្រសិនបើរងឃើញថាបានបំពានច្បាប់ណាមួយ ហើយរដ្ឋាភិបាលម៉ាឡេស៉ី ក៏បានប្រកាសដែរពីការផ្ដល់ជំនួយ ហិរញ្ញវត្ថុ សម្រាប់ក្រុមគ្រួសារអ្នកដែលបានស្លាប់ និងរងរបួសក្នុងសោកនាដកម្មនេះ។

គួរបញ្ជាក់ថា គ្រោះរអិលបាក់ដី នៅក្នុងប្រទេសម៉ាឡេស៉ី តែងតែកើតឡើងជាញឹញាប់ ក្រោយមានភ្លៀងធ្លាក់ខ្លាំងដែលជាទូទៅនៅដំណាច់ឆ្នាំ។ ប៉ុន្តែ មិនមានភ្លៀងធ្លាក់ខ្លាំង ឬគ្រោះរញ្ជួយដីត្រូវបានរាយការណ៍ នៅពេលមានគ្រោះរអិលបាក់ដីកើតឡើងនោះទេ៕