(វ៉ាស៊ីនតោន)៖ ដំណឹងបង្ហើបនៃការផ្តល់ប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែន បានធ្វើឱ្យរុស្ស៊ីខឹងសម្បារ និងបានព្រមាន ផលវិបាកកើតឡើង។ មេដឹកនាំប្រទេសអ៊ុយក្រែន បានស្នើសុំប្រព័ន្ធមីស៊ីល Patriot ការពារដែនអាកាសនេះពីសហរដ្ឋអាមេរិកជាយូរមកហើយ ប៉ុន្តែ សេចក្តីរាយការណ៍បានបង្ហាញថាក្រសួងការពារជាតិអាមេរិកទំនងនឹងសម្រេចលើការស្នើសុំនេះ ខណៈដែលការវាយប្រហាររបស់រុស្ស៊ីតាមផ្លូវអាកាស ដាក់លើអ៊ុយក្រែនបង្កការដាច់ភ្លើងនិងទឹកធ្វើឱ្យពលរដ្ឋរងទុក្ខវេទនាជាខ្លាំង។

ប្រព័ន្ធមីស៊ីល Patriot បានក្លាយជាចំណុចស្នើដ៏ក្តៅគគុកសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ដែលមានជម្លោះក្នុងពិភពលោក ពីព្រោះ ប្រព័ន្ធអាវុធនេះគឺជាខែលការពារទប់ទល់នឹងគ្រាប់មីស៊ីលរបស់សត្រូវដែលធ្វើការបាញ់ផ្លោងចូលតាមផ្លូវអាកាស។ បើនិយាយពីប្រយោជន៍របស់ វានៅអឺរ៉ុប, នៅមជ្ឈិមបូព៌ា និងនៅតំបន់ប៉ាស៊ីហ្វិក ប្រព័ន្ធមីស៊ីល Patriot នេះគឺសម្រាប់ការពារនិងប្រឆាំងចំពោះការវាយប្រហារខ្លាំងក្លាទាំងឡាយណា ដែលអាចកើតមានពីប្រទេសអ៉ីរ៉ង់, ប្រទេសសូម៉ាលី និងកូរ៉េខាងជើង។

ជាច្រើនខែរួចមកហើយ, សហរដ្ឋអាមេរិកមិនបានឆ្លើយតបចំពោះសំណើរបស់អ៊ុយក្រែនដែល ទទូចចង់បានប្រព័ន្ធអាវុធការពារអាកាស Patriot នេះ ប៉ុន្តែសហរដ្ឋអាមេរិកមិនទាន់បានយល់ព្រមនោះឡើយក្នុងពេលកន្លងមកនេះ។ ដូច្នេះ វាជាចំណុចរបត់ដ៏សំខាន់មួយ នៅពេលដែលព័ត៌មាន បានបែកធ្លាយក្នុងសប្តាហ៍នេះថា សហរដ្ឋអាមេរិកបានយល់ព្រមក្នុងការបញ្ជូនមួយប្រដាប់នៃមីស៊ីល Patriot ទៅកាន់អ៊ុយក្រែន ដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្វែងរកអស់រយៈពេលជាច្រើនខែដើម្បីបង្កើនការការពារដែនអាកាសរបស់ ប្រទេសលោកនោះ។

មន្ត្រីក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ពីកិច្ចព្រមព្រៀងប្រគល់នូវជំនួយយោធាដល់អ៊ុយក្រែននេះ ហើយការប្រកាសជាផ្លូវការ ត្រូវបានគេរំពឹងទុកក្នុងពេលខាងមុខនេះ។ មន្ត្រីនាំពាក្យយោធាក្រសួងការពារជាតិអាមេរិក លោកឧត្តមសេនីយ៍ត្រី Pat Ryder បានថ្លែង ក្នុងសប្តាហ៍នេះថា «សាជាថ្មី និងម្តងទៀតដែលក្រសួងការពារជាតិ មិនទាន់មានអ្វីនឹងប្រកាស ភ្លាមនាពេលនេះទេ ប៉ុន្តែសហរដ្ឋអាមេរិកនឹងធ្វើអ្វី ជាបន្តក្នុងការសម្របតាមភាពបត់បែននិង សហរដ្ឋអាមេរិកបន្តធ្វើកិច្ចការទាំងឡាយជាមួយនឹងអ៊ុយក្រែនដើម្បីការធានាថាអ្វីដែលអ៊ុយក្រែនត្រូវការ នឹងត្រូវតែទទួលបាន»។

អាវុធ Patriot គឺជាប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស។ ប្រព័ន្ធមីស៊ីលនេះត្រូវបានគេដាក់ពង្រាយលើកដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងអាចបាញ់លើ គោលដៅយន្តហោះ, បាញ់ស្ទាក់ ប្រឆាំងមីស៊ីល cruise និងទប់ស្កាត់បានរួមទាំងអាវុធមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីនោះក៏ដោយ។ ប៉ុន្តែអាវុធ Patriot តែមួយមិនអាចការពារដល់ក្រុងកៀវទាំងមូលនោះបានឡើយ។

ប្រព័ន្ធមីស៊ីល Patriot មួយប្រដាប់របស់វានីមួយៗរួមមានអាវុធបំពាក់រួចស្រេចដាក់លើរថយន្ត យោធាជាមួយនឹងកាណុងបាញ់មីស៊ីលចំនួន៨ ដែលអាចផ្ទុក កាំជ្រួចសម្រាប់បាញ់ស្កាត់ចំនួន ៤គ្រាប់, មានបំពាក់នូវប្រព័ន្ធរ៉ាដាលើដី, ស្ថានីយ៍បញ្ជាមួយនិងម៉ាស៊ីនភ្លើងមួយថែមទៀត។ ក្រសួងការពារជាតិអាមេរិក បានថ្លែងថាបច្ចុប្បន្ន គេមាន១៦កងវរសេនាតូចនៃក្រុមដែលបំពាក់ប្រព័ន្ធអាវុធមីស៊ីល Patriot នេះ។ របាយការណ៍ឆ្នាំ២០១៨ មួយរបស់វិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានសរសេរថាកងវរសេនាតូចទាំងនោះ បានប្រើប្រព័ន្ធមីស៊ីលការពារអាកាស Patriot ចំនួន៥០គ្រឿង ដែលមានផ្ទុកគ្រាប់ សម្រាប់ចាំបាញ់ស្ទាក់ទម្លាក់នោះ ដល់ជាង១២០០គ្រាប់។

ប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាមេរិកត្រូវបានគេដាក់ឱ្យប្រើប្រាស់ជាប្រចាំ នៅជុំវិញពិភពលោក។ លើសពីនេះទៀត អាវុធមីស៊ីល Patriots សម្រាប់់ការពារអាកាសនេះក៏ត្រូវបានគេដាក់ឱ្យដំណើរការ ឬត្រូវបានទិញដោយប្រទេសហូឡង់ អាល្លឺម៉ង់ ជប៉ុន អ៉ីស្រាអែល អារ៉ាប៊ីសាអូឌីត គុយវ៉ែត តៃវ៉ាន់ ក្រិក អេស្ប៉ាញ កូរ៉េខាងត្បូង អេមីរ៉ាតអារ៉ាប់រួម កាតា រូម៉ានី ស៊ុយអែត ប៉ូឡូញ និងប្រទេសបារ៉ែន។ មន្ត្រីយោធា លោក Tom Karako ដែលជានាយកផ្នែកការពារមីស៊ីលបាននិយាយនៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា ប្រព័ន្ធមីស៊ីល Patriot គឺជាប្រព័ន្ធការពារមីស៊ីលអាកាស ដែលមានដំណើរការយ៉ាងទូលំទូលាយ, គួរអាចទុកចិត្ត និងបង្ហាញសមត្ថភាពដ៏ពូកែរបស់វាតាមការបាញ់ស្ទាក់អាវុធសត្រូវតាមផ្លូវអាកាស។

មន្ត្រីយោធាដដែលថ្លែងបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Patriot នេះ នៅពេលដែលបញ្ជួនទៅឱ្យអ៊ុយក្រែន វានឹងអាចជួយការពារអ៊ុយក្រែនប្រឆាំងនឹង គ្រាប់មីស៊ីលបាលីស្ទីកដែលផ្គត់ផ្គង់ដោយអ៉ីរ៉ង់។ មន្ត្រីអាមេរិកបានថ្លែងនាប៉ុន្មានឆ្នាំកន្លងមកនេះ ប្រព័ន្ធមីស៊ីល Patriot និងគ្រាប់មីស៊ីលរបស់វា ត្រូវបានគេកែច្នៃបន្ថែមជាបន្តបន្ទាប់ដើម្បីធ្វើឱ្យអាវុធនេះកាន់តែមានប្រសិទ្ធភាព។ តម្លៃគ្រាប់មីស៊ីលសម្រាប់ការបាញ់ស្ទាក់ចាប់គ្រាប់សត្រូវនោះ មានតម្លៃប្រហែល ៤លានដុល្លារក្នុងការបាញ់ម្តង និងបំពង់កាណុងរបស់វានីមួយៗតម្លៃ ១០លានដុល្លារ។

បើយោងតាមតម្លៃនោះ គេមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធមីស៊ីលនោះ ក្នុងការបាញ់ទម្លាក់ដ្រូនរបស់អ៉ីរ៉ង់តូចៗ មានតម្លៃថោកដែលរុស្ស៊ីបានទិញប្រើប្រាស់ ក្នុងសមរភូមិនៃទឹកដីអ៊ុយក្រែននោះឡើយ។ វរសេនីយ៍ឯកបម្រុងកងម៉ារីនដែលចូលនិវត្តន៍ លោក Mark Cancian បាននិយាយថាការបាញ់កាំជ្រួចតម្លៃ រាប់លានដុល្លារដាក់លើដ្រូនតម្លៃត្រឹម៥ម៉ឺនដុល្លារគឺជាទង្វើដ៏ខាតបង់ នោះទៅវិញទេ។ ការបំពាក់អាវុធ Patriot មួយសម្រាប់របស់វានឹងអាចត្រូវការទាហាន ជំនួយច្រើនរហូតដល់៩០នាក់ ដើម្បីប្រតិបត្តិការផង និងការថែរក្សាវាផង។ អស់រយៈពេលជាច្រើនខែ សហរដ្ឋអាមេរិកមានភាពស្ទាក់ស្ទើរក្នុងការផ្តល់ ប្រព័ន្ធអាវុធដ៏មានតម្លៃ និងមានរបៀបប្រើប្រាស់យ៉ាងស្មុគស្មាញនេះ ប៉ុន្តែវាប្រសើរជាងការបញ្ជូនទាហានអាមេរិកដោយផ្ទាល់ចូលទៅក្នុងការធ្វើ សង្គ្រាមជាមួយនឹងរុស្ស៊ីនៅលើសមរភូមិ។

សេចក្តីរាយការណ៍បានបង្ហាញថាទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមានក្តីបារម្ភផង ដែរដោយខ្លាចក្រែងការដាក់ពង្រាយប្រព័ន្ធមីស៊ីល Patriot នេះ នឹងបង្កឱ្យរុស្ស៊ីកាន់តែខឹងសម្បារ។ មន្ត្រីវិមានក្រឹមឡាំង បានថ្លែងក្នុងសប្តាហ៍នេះព្រមានសហរដ្ឋអាមេរិក បើសិនជាហ៊ានបញ្ជូនប្រព័ន្ធមីស៊ីល Patriot នេះដល់អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើសហរដ្ឋអាមេរិកផ្តល់ប្រព័ន្ធការពារដែនអាកាស ទំនើបនោះដល់អ៊ុយក្រែន ប្រព័ន្ធអាវុធទាំងនោះរួមនិងក្រុមធ្វើដំណើរ ទៅជាមួយ នឹងក្លាយជា «គោលដៅស្របច្បាប់» សម្រាប់យោធារុស្ស៊ីក្នុងការវាយប្រហារ។

ស្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា សហរដ្ឋអាមេរិកបាន «ក្លាយជាភាគី» នៃសង្គ្រាមប្រកបដ៏សកម្មមួយ ដោយផ្តល់អាវុធដល់អ៊ុយក្រែន និងបណ្តុះបណ្តាលកងទ័ពដល់អ៊ុយក្រែនថែមទៀត។ ស្ត្រីនាំពាក្យដដែលបានព្រមានថា ប្រសិនបើរបាយការណ៍អំពីចេតនា របស់សហរដ្ឋអាមេរិកក្នុងការផ្តល់ឱ្យទីក្រុងកៀវ នូវប្រព័ន្ធមីស៊ីល Patriot នោះជាការពិតមែន វានឹងក្លាយទៅជា «សកម្មភាពបង្កហេតុមួយទៀតរបស់ សហរដ្ឋអាមេរិក» និងសហរដ្ឋអាមេរិកកាន់តែពង្រីកការចូលរួមរបស់ខ្លួននៅក្នុងទំនាស់ដែលនឹង «នាំឱ្យមានផលវិបាកមិនអាចចៀសវាងបានឡើយ»។

ជាមួយនឹងសម្តីព្រមាននេះ មន្ត្រីនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ត្រី Pat Ryder បានថ្លែងថាសហរដ្ឋអាមេរិកនឹងមិនធ្វើអត្ថាធិប្បាយ លើសម្តីរបស់រុស្ស៊ីពាក់ព័ន្ធនឹងរឿងការផ្តល់អាវុធនោះឡើយ។ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ បានថ្លែងថាយោងតាមគោលការណ៍គឺគេមិនពិនិត្យមើលឡើង វិញឬពិភាក្សាឬការសន្និដ្ឋានណាមួយលើកិច្ចការជំនួយសន្តិសុខនៅមុនការប្រកាសណាមួយនោះឡើយ។ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូល ដល់ថ្ងៃទី២៩៥ហើយគិតត្រឹមថ្ងៃសុក្រទី១៦ធ្នូ ឆ្នាំ២០២២។ ក្នុងខែធ្នូនេះ ជាទូទៅគឺជាខែនៃសេចក្តីសប្បាយរីករាយរបស់ពលរដ្ឋក្នុងទ្វីបអឺរ៉ុបដែលតែង ប្រារព្ធបុណ្យ Christmas ថ្ងៃទី២៥ធ្នូ និងបុណ្យដំណាច់ឆ្នាំសកល២០២២។ ប៉ុន្តែ ខណៈសង្គ្រាមស៊ីសាច់ហុតឈាមគ្នានៅតែបន្តយ៉ាងពុះកញ្ជ្រោលនេះ រុស្ស៊ីបានថ្លែងថានឹងមិនមានការឈប់បាញ់គ្នាក្នុងថ្ងៃបុណ្យគ្រីស្មាស់ឡើយ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ថែមទាំងបាននិយាយទៀតថារុស្ស៊ីត្រៀមនឹងធ្វើការវាយប្រហារដ៏ធំថែមទៀតនៅក្នុងថ្ងៃដែលមាន បុណ្យចូលឆ្នាំសកល។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនដដែល បាននិយាយទៀតថារុស្ស៊ីនឹងអាចធ្វើការវាយប្រហារសាជាថ្មីម្តងទៀតដើម្បីចូលកាន់កាប់ រដ្ឋធានីកៀវ ដែលការវាយប្រហារនោះត្រូវគេរំពឹងថានឹងអាចកើតមានក្នុងខែកុម្ភៈ ឬមីនាឆ្នាំ ២០២៣៕