(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ជែនស៍ ស្ដូលធិនបឺគ (Jens Stoltenberg) បាននិយាយថារុស្ស៉ីបានត្រៀមខ្លួនជាស្រេច សម្រាប់សង្រ្គាមរយៈពេលវែង និងការវាយលុកសាជាថ្មីនៅក្នុងប្រទេសអ៊ុយក្រែន ដែលនេះតម្រូវឱ្យបក្សសម្ព័ន្ធយោធាមួយនេះត្រូវតែបន្តបញ្ជូន អាវុធ រហូតទាល់តែលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដឹងខ្លួនថាមិនអាចឈ្នះនៅលើសមរភូមិ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២។

ការឈ្លានពានរបស់រុស្ស៉ីជិតចូលដល់ខែទី១០ហើយ ចាប់តាំងពីលោក ពូទីន បញ្ជាឱ្យកងទ័ពរបស់លោកវាយលុកចូលអ៊ុយក្រែន កាលពី ថ្ងៃទី២៤ ខែកុម្ភៈមក រីឯទីក្រុងកៀវក៏បានវាយរំដោះទឹកដីរបស់ខ្លួនជាច្រើនត្រឡប់មកវិញដែរ។ ក៏ប៉ុន្តែ លោក ស្ដូលធិនបឺគ បានព្រមានថា មិនមានសញ្ញាណាមួយដែលបង្ហាញថាលោក ពូទីន នឹងបោះបង់ចោលមហិច្ឆតាគ្រប់គ្រងអ៊ុយក្រែនទាំងមូលនោះទេ។

ថ្លែងនៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រសប្ដាហ៍នេះ ប្រមុខបក្សសម្ព័ន្ធយោធា NATO រូបនេះ បានគូសបញ្ជាក់ដូច្នេះថា «យើងមិនគួរមើលស្រាលរុស្ស៉ីឡើយ។ រុស្ស៉ីកំពុងត្រៀមផែនការសម្រាប់សង្រ្គាមរយៈពេលវែង...ហើយយើង បានឃើញរួចមកហើយថាពួកគេបានកែនកងទ័ពបន្ថែម និងកំពុងព្យាយាមស្វែងរកអាវុធ រួមទាំងគ្រាប់រំសេវបន្ថែម»

គួរបញ្ជាក់ថា បើតាមលោក ស្ដូលធិនបឺគ លោក ពូទីនបានត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមរយៈពេលវែង និងការបើកប្រតិបត្តិការ វាយលុកសាជាថ្មី៕