(ប៊ែរឡាំង)៖ អាងចិញ្ចឹមត្រីកម្ពស់១៤ម៉ែតដែលត្រូវបានពិពណ៌ថា ជាអាងចិញ្ចឹមដ៏ធំបំផុតនៅលើពិភពលោក បានផ្ទុះឡើងនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងប៊ែកឡាំងកាលពីព្រឹកថ្ងៃសុក្រ ដោយបានបញ្ជូនទឹកសមុទ្រជិត ២៦៤,០០០លីត្រ និងត្រីត្រូពិចចំនួន ១,៥០០ក្បាលមកកាត់តាមកន្លែងទទួលភ្ញៀវ និងបាចកំទេចកំទីទៅតាមផ្លូវក្បែរនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែឆ្នូ ឆ្នាំ២០២២។

ប៉ូលីសបាននិយាយថា វាមិនច្បាស់ពីអ្វីដែលបណ្តាលឱ្យអាងចិញ្ចឹមត្រីដ៏ធំមួយដែលមានរាងស៊ីឡាំងកម្ពស់ ១៤ម៉ែត្រផ្ទុះ នៅម៉ោងប្រហែល ៥៖០០ព្រឹក (ម៉ោងក្នុងតំបន់) នោះទេ។

ភ្ញៀវនៅសណ្ឋាគារ Radisson Blu បានរាយការណ៍ថា ពេលភ្ញាក់ពីគេងបានលឺសំឡេងផ្ទុះខ្លាំង និងមានអារម្មណ៍ដូចជារញ្ជួយដីតូចមួយ មុនពេលឃើញអាងចិញ្ចឹមត្រីដែលត្រូវបានបំផ្លាញ និងកន្លែងទទួលភ្ញៀវសណ្ឋាគាររងការខូចខាត។

មនុស្សពីរនាក់បានរងរបួសស្រាល ដោយសារបែកកញ្ចក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយត្រីទាំងអស់បានងាប់។

អភិបាលក្រុងប៊ែរឡាំង លោកស្រី Franziska Giffey បាននិយាយថា «វាជារលកយក្សស៊ូណាមិ» ដោយបន្ថែមថា វាជាសំណាងល្អដែលឧបទ្ទវហេតុបានកើតឡើងនៅព្រឹកព្រលឹម នៅពេលដែលមានមនុស្សតិចណាស់នៅជុំវិញនោះ៕