(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានចេញការតវ៉ាយ៉ាងខ្លាំងប្រឆាំង នឹងការទាមទារទឹកដីរបស់ប្រទេសជប៉ុន ដែលបានធ្វើឡើងនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ ចំពោះកោះជម្លោះដែលគេស្គាល់ថា Dokdo ជាភាសាកូរ៉េ និង Takeshima ជាភាសាជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានទាមទារ ឱ្យដកចេញភ្លាមៗនូវការអះអាងពីឯកសារយុទ្ធសាស្ត្រជាតិរបស់ប្រទេសជប៉ុន ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការណ៍នេះមិនបានជួយ «ការកសាងទំនាក់ទំនងតម្រង់ទិសអនាគត» រវាងប្រទេសទាំងពីរនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសបាននិយាយទៀតថា ខ្លួនសង្ឃឹមថាការអនុវត្តគោលនយោបាយសន្តិសុខថ្មីរបស់ជប៉ុន នឹងមានតម្លាភាព និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ខណៈពេលដែលបន្តរក្សាស្មារតីនៃរដ្ឋធម្មនុញ្ញសន្តិភាព។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលចូលកាន់តំណែងកាលពីខែឧសភា បានព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងតូក្យូ ដែលត្រូវបានបំផ្លាញដោយជម្លោះទឹកដីលើកោះ និងជម្លោះជាប្រវត្តិសាស្ត្រ ដែលកើតចេញពីការកាន់កាប់របស់ប្រទេសជប៉ុន ពីឆ្នាំ ១៩១០-១៩៤៥ លើប្រទេសកូរ៉េ៕