(លីម៉ា)៖ ចៅក្រមនៅក្នុងប្រទេសប៉េរូ បានយល់ព្រមចំពោះសំណើបន្តឃុំខ្លួនអតីតប្រធានាធិបតី លោក ប៉េត្រូ កាស្ទីឡូ (Pedro Castillo) ក្នុងពន្ធនាគាររយៈពេល១៨ខែបន្ថែមទៀត ខណៈអាជ្ញាធរកសាងសំណុំរឿងប្រឆាំងនឹងរូបលោក ក្រោមការចោទប្រកាន់ ពីបទ «បះបោរ» និង «សមគំនិត» ប៉ុន្តែការសម្រេចនេះអាចនឹងដុតបញ្ឆេះ ភាពចលាចលនយោបាយ និងការតវ៉ាបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

ក្រុមអ្នកតវ៉ាបានទាមទារឲ្យមានការដោះលែង មេដឹកនាំរបស់ពួកគេចេញពីពន្ធនាគារ ក៏ដូចជារៀបចំការបោះឆ្នោតថ្មី និងដកប្រធានាធិបតីបច្ចុប្បន្ន ដែលធ្លាប់ជាអតីតអនុប្រធានាធិបតី គឺលោកស្រី ឌីណា ប៊ូលូអាត (Dina Boluarte) ចេញពីតំណែង។ រដ្ឋាភិបាលរបស់លោកស្រី ប៊ូលូអាត បានប្រកាសភាពអាសន្នទូទាំងប្រទេស ក្នុងសប្តាហ៍នេះ ដើម្បីព្យាយាមបង្រ្កាបភាពចលាចល ដែលបានបណ្តាលឲ្យមនុស្សកើនដល់យ៉ាងហោចណាស់ ១៥នាក់ស្លាប់។

ក្នុងសេចក្តីសម្រេចនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមចៅក្រមនៃតុលាការកំពូលប្រទេសប៉េរូបានសម្រេចថា លោក កាស្ទីឡូ ដែលដំបូងឡើយត្រូវជាប់ពន្ធនាគារត្រឹមរយៈពេល ៧ថ្ងៃប៉ុណ្ណោះ នឹងនៅតែស្ថិតក្រោមការឃុំឃាំងរយៈពេល១៨ខែទៀត ហើយក្រុមរដ្ឋអាជ្ញាកំពុងបន្តការស៊ើបអង្កេតលើ ការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងរូបលោក។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ លោក កាស្ទីឡូ បានអំពាវនាវ ឲ្យអ្នកគាំទ្រមកកាន់ពន្ធនាគារដើម្បីទាមទារឲ្យមាន ការដោះលែងរូបលោក និងបានជំរុញឲ្យតុលាការសិទ្ធិមនុស្សអន្តរអាមេរិកាំង ជួយអន្តរាគមន៍ជំនួសលោក។ លោក កាស្ទីឡូ ត្រូវបានសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង ទម្លាក់ចេញពីតំណែង កាលពីថ្ងៃពុធសប្តាហ៍មុន គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអតីតមេដឹកនាំរូបនេះ បានប្រកាសផែនការចង់រំលាយសភាចោល។ ទង្វើនោះត្រូវបានបរិហារយ៉ាងទូលំទូលាយថា ជាការរំលោភលើរដ្ឋធម្មនុញ្ញរបស់ប្រទេសប៉េរូ៕