(ប៉េកាំង)៖ សន្និសីទលើកទី១៥របស់ភាគីអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីជីវៈចម្រុះ (COP15) ដែលប្រទេសចិនគឺជាប្រធាននៃសន្និសីទនេះ បានប្រារពធ្វើឡើងនៅក្នុងទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រទេសចំនួន១៩៦ ដែលបានផ្ដល់សច្ចាប័នលើអនុសញ្ញានេះ។

អនុសញ្ញាស្ដីពីជីវៈចម្រុះនេះ ត្រូវបានអនុម័តកាលពីឆ្នាំ១៩៩២ ដោយមានគោលដៅពង្រឹងលើកកម្ពស់ការអភិវឌ្ឍ ដោយចីរភាពនៅទូទាំងសកលលោក តាមរយៈការអភិរក្សការពារជីវៈចម្រុះ។ ប្រសិនបើយើងក្រឡេកមើលទៅអតីតកាល ប្រទេសចិន បានចាប់ផ្ដើមចូលរួមដំបូងក្នុងកិច្ចដំណើរការអភិរក្សបរិស្ថានរបស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ហើយចាប់តាំងពីពេលនោះរហូតមក ប្រទេសចិនបានផ្លាស់ប្ដូរបន្តិចម្ដងៗ ពីការបំពេញតួនាទីត្រឹមតែជាអ្នកចូលរួម ក្នុងកិច្ចដំណើរការអភិរក្ស ទៅជាអ្នកដឹកនាំមុខក្នុងការពង្រឹងលើកកម្ពស់កិច្ចដំណើរការ អភិរក្សដែលមិនអាចខ្វះបាននេះ។

មេដឹកនាំចិនគ្រប់ជំនាន់ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សធម្មជាតិ ហើយពាក្យ «អរិយធម៌អេកូឡូស៊ី» ត្រូវបានបង្កើតឡើងនិងដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសចិន ដើម្បីធ្វើជាត្រីវិស័យតម្រង់ទិសគោលនយោបាយនានា ដោយមានគោលដៅកសាងភាពសុខដុមរវាងមនុស្សនិងធម្មជាតិ។ ការយកចិត្តទុកដាក់ចំពោះការអភិរក្សជីវៈចម្រុះរបស់ចិន មិនមែនបង្ហាញត្រឹមពាក្យសម្ដីនោះទេ តែត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសកម្មភាពជាក់ស្ដែង និងកិច្ចខិតខំប្រឹងប្រែងពុះពារឧបសគ្គដើម្បីអភិរក្ស។

ការអភិរក្សជីវៈចម្រុះត្រូវបានអនុម័តជាយុទ្ធសាស្រ្តថ្នាក់ជាតិ និងត្រូវដាក់បញ្ចូលទៅក្នុងផែនការរយៈពេលមធ្យម និងរយៈពេលវែងរបស់តំបន់ទាំងអស់និងនៅក្នុងគ្រប់វិស័យ នៅក្នុងប្រទេសចិន។ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលចិន បានដាក់ចេញនិងកែលម្អច្បាប់និងបទប្បញ្ញត្តិ និងយន្តការនានាពាក់ព័ន្ធនឹងជីវៈចម្រុះ ដើម្បីពង្រឹងលើកកម្ពស់ប្រសិទ្ធភាព នៃការអភិរក្សជីវៈចម្រុះ។

ប្រទេសចិនគឺជាប្រទេសដែលមានផ្ទៃដីដ៏ធំមហិមា ដែលមានជីវៈចម្រុះជាច្រើនប្រភេទ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនសម្រេចបាននូវជោគជ័យយ៉ាងធំធេង ក្នុងការអភិរក្សជីវៈចម្រុះរបស់ខ្លួន ដែលជាការរួមចំណែកដ៏ធំធេងដល់ ការអភិរក្សជីវៈចម្រុះនៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ១៩៥៦រហូតមក ប្រទេសចិនបានបង្កើតតំបន់ការពារចំនួនជាង ១០.០០០តំបន់ ដែលគ្របដណ្ដប់លើផ្ទៃដីប្រហែល១៨% នៃផ្ទៃដីសរុបរបស់ប្រទេសចិន។ នៅឆ្នាំ២០២១កន្លងទៅ ប្រធានាធិបតី ស៊ី ជិនពីង បានប្រកាសជាផ្លូវការបង្កើតប្រព័ន្ធឧទ្យានជាតិចំនួន ៥ ដែលគ្រប់ដណ្ដប់លើផ្ទៃដីទំហំប្រហែល ២២៧.០០០ គីឡូម៉ែត្រការ៉េ ដែលនេះគឺជាប្រព័ន្ធឧទ្យានជាតិធំជាងគេបំផុតនៅលើពិភពលោក។

មិនដូចប្រទេសផ្សេង ដែលមានភាពងាយស្រួលក្នុងការកសាងឧទ្យានជាតិ ដោយសារតែជាទូទៅតំបន់ទាំងនោះគឺជា តំបន់ដែលគ្មានមនុស្សរស់នៅ តែផ្ទុយទៅវិញ នៅក្នុងប្រទេសចិន តំបន់អភិរក្សធម្មជាតិជាច្រើន គឺជាតំបន់ដែលមានប្រជាជនរស់នៅ ដោយសារតែប្រទេសចិនមានប្រជាជនដ៏ច្រើនលើសលុប។ ក៏ប៉ុន្តែរដ្ឋាភិបាលចិន មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ និងបង្កើតឧទ្យានជាតិទាំងនោះដោយជោគជ័យ។

ប្រទេសចិន គឺជាប្រទេសដែលមានតំបន់គម្របព្រៃឈើរីកធំឆាប់រហ័សជាងគេបំផុតនៅលើពិភពលោក។ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ប្រទេសចិនបានដាំដើមឈើឡើងវិញលើផ្ទៃដីទំហំប្រហែល ៣៣៤លាន ហិកតា ដែលគម្របព្រៃឈើនេះមានទំហំធំជាង ប្រព័ន្ធព្រៃឈើរបស់អាមេរិកចំនួនបួនដង។ ជាងនេះទៅទៀត ប្រទេសចិន គឺជាប្រទេសដំបូងគេដែលបានដាក់ចេញ នូវយុទ្ធសាស្រ្តខ្សែបន្ទាត់ក្រហមដើម្បីអភិរក្សធម្មជាតិ និងការពាររុក្ខជាតិនិងសត្វដែលជិតផុតពូជ។

គោលនយោបាយខ្សែបន្ទាត់ក្រហម ត្រូវបានរដ្ឋាភិបាលចិន ចាត់ទុកថាជាអាទិភាពខ្ពស់បំផុតរបស់ជាតិ និងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពដោយរដ្ឋាភិបាលថ្នាក់តំបន់និងមូលដ្ឋាន។ ដោយផ្ដោតការយកចិត្តទុកដាក់ចំពោះ ការអភិរក្សទាំងនៅក្នុងជម្រកធម្មជាតិ និងនៅក្រៅជម្រកធម្មជាតិ ប្រទេសចិនបានបង្កើតសួនសត្វជាង ២៤០ និងមជ្ឈមណ្ឌលបង្កាត់ពូជសត្វប្រហែល២៥០។ គម្រោងលែងសត្វព្រៃចូលទៅក្នុងជម្រកធម្មជាតិវិញជាច្រើន ត្រូវបានអនុវត្តដោយជោគជ័យ ដូចជាគម្រោងលែងសត្វខ្លាឃ្មុំភែនដា ក្ដាន់ទីបេ ត្រយ៉ងកំប៉ោយ ជាដើម។

ដោយយកចិត្តទុកដាក់ចំពោះជីវៈចម្រុះទឹកសាបនិងសមុទ្រ ប្រទេសចិនក៏បានដាក់ចេញនូវបម្រាមនេសាទត្រី រយៈពេល១០ឆ្នាំនៅក្នុងដែនទឹកសំខាន់ៗនៃទន្លេយ៉ាងសេ និងហាមឃាត់ការនេសាទនារដូវក្ដៅនៅក្នុងសមុទ្រ ផងដែរ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ សត្វព្រៃកម្រសំខាន់ៗដូចជាខ្លាឃ្មុំភែនដា ខ្លារខិនព្រិល ក្ដាន់ទីបេ ត្រយ៉ងកំប៉ោយ ជាដើម បានចាកចេញផុតពីមាត់ជ្រោះនៃការស្លាប់ផុតពូជ នឹងត្រូវបានផ្លាស់ប្ដូរពីប្រភេទសត្វដែលជិតផុតពូជ ទៅជាប្រភេទសត្វដែលងាយរងគ្រោះវិញ។

បន្ថែមទៅលើការខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការអភិរក្សជីវៈចម្រុះនៅក្នុងប្រទេស រដ្ឋាភិបាលចិនបានគាំទ្រនិងចូលរួម យ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីអភិរក្សជីវៈចម្រុះសកលលោក។ បញ្ហាប្រឈមចម្បងចំពោះ ការអភិរក្សជីវៈចម្រុះសកលលោក គឺកង្វះថវិកាដើម្បីជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍ ក្នុងការអនុវត្តគម្រោងអភិរក្សជីវៈចម្រុះរបស់ពួកគេ។

អ្នកជំនាញបរិស្ថាន បានអំពាវនាវឲ្យប្រទេសដែលមានធនធាន ផ្ដល់ប្រាក់៦០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោងអភិរក្ស និងទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់។ ប្រទេសចិន បានធ្វើជាគំរូនាំមុខគេក្នុងកិច្ចការនេះ ដោយនៅឆ្នាំ២០២១កន្លងទៅ ប្រទេសចិនបានដាក់ចេញនូវមូលនិធិជីវៈចម្រុះគួនមីង និងបានផ្ដល់ប្រាក់២៣០លានដុល្លារ ដល់មូលនិធិនេះ ដើម្បីជួយគាំទ្រដល់កិច្ចខិតខំអភិរក្សជីវៈចម្រុះ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ចាប់តាំងពីឆ្នាំ២០១៩ រហូតមក ប្រទេសចិន បានក្លាយជាអ្នកផ្ដល់មូលនិធិច្រើនជាងគេបំផុត ដល់ថវិកាស្នូលរបស់អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីជីវៈចម្រុះនិងពិធីសារពាក់ព័ន្ធរបស់អនុសញ្ញានេះ។

ជាងនេះទៅទៀត ប្រទេសចិនបានសន្យានិងបានប្រែក្លាយ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ខ្លួន ឲ្យមានលក្ខណៈ «បៃតង»។ នៅឆ្នាំ២០២១កន្លងទៅ លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រកាសជាផ្លូវការ ហាមឃាត់ការផ្ដល់មូលនិធិដល់គម្រោង កសាងរោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មនៅបរទេសនៅក្រោមក្របខណ្ឌ នៃគំនិតផ្ដួចផ្ដើមនេះ។

និយាយដោយសង្ខេប រហូតមកដល់ពេលនេះ ប្រទេសចិនបានបង្ហាញប្រាប់ពិភពលោកយ៉ាងច្បាស់ថា ខ្លួនគឺជាប្រទេសមហាអំណាចបរិស្ថានមួយ ដែលមានការទទួលខុសត្រូវខ្ពស់ និងជាសរសរទ្រូងទ្រទ្រង់ ការអភិរក្សជីវៈចម្រុះសកលលោក៕

អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ