(ប៉េកាំង)៖ យប់ថ្ងៃទី១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ដំណាក់កាលទីពីរ នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី១៥ ដែលបើកធ្វើនៅក្រុង Montreal ប្រទេសកាណាដា។

លោក Xi Jinping បានលើកឡើងថា មនុស្សជាតិជាសហគមន៍រួមវាសនា មានតែសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបតិ្តការជាមួយគ្នា ទើបអាចឆ្លើយតបនឹងការប្រឈមជាសកល ប្រកបដោយប្រសិទ្ធភាពបាន។ ពួកយើងគួរតែចាប់ដៃគ្នា ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បី ជំរុញការរួមរស់នៅជាមួយគ្នាប្រកបដោយ ភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ រួមគ្នាបង្កើតសហគមន៍រួមវាសនារបស់ភពផែនដី ក៏ដូចជារួមគ្នាកសាងពិភពលោកដ៏ស្រស់ប្រិមប្រិយ។

នៅពេលអនាគត ប្រទេសចិននឹងបន្តបង្កើនកិច្ចកសាងអរិយធម៌អេកូឡូស៊ី ចូលរួមគម្រោងប្រតិបតិ្តរបស់អង្គការសហប្រជាជាតិ ស្តីពីការស្តារប្រព័ន្ធអេកូ-បរិស្ថានឡើងវិញក្នុងរយៈពេល១០ឆ្នាំ អនុវត្តគម្រោងធំនិងសំខាន់មួយចំនួនក្នុងន័យអភិរក្ស និងស្តារឡើងវិញនូវជីវចម្រុះ ធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិឱ្យបានស៊ីជម្រៅ ព្រមនិងជំរុញឱ្យមូលនិធិជីវចម្រុះ ក្រុងគុនមីងឱ្យដើរតួនាទីកាន់តែល្អ តាមរយៈសហព័ន្ធអន្តរជាតិអភិវឌ្ឍន៍បៃតង «ខ្សែក្រវាត់និងផ្លូវ» ក៏ដូចជាផ្តល់ការគាំទ្រនិងជំនួយតាមលទ្ធភាពខ្លួនដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជំរុញអភិបាលកិច្ចជីវចម្រុះសកល ឱ្យឡើងដល់កម្រិតថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន