(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែនបានឱ្យដឹងថានៅថ្ងៃសុក្រនេះ រុស្ស៉ីបានបើកការវាយប្រហារតាមដែនអាកាសសាជាថ្មីទៀតហើយ ទៅលើតំបន់ជាច្រើនរបស់អ៊ុយក្រែន ដោយបានធ្វើឱ្យដាច់ភ្លើងទាំងស្រុងនៅទីក្រុងចំនួន ហើយហេដ្ឋារចនាសម្ពន្ធសំខាន់ៗ បន្តរងការបំផ្លិចបំផ្លាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។
អភិបាលតំបន់មីកូឡេវ (Mykolaiv) នៅភាគខាងត្បូងអ៊ុយក្រែន បាននិយាយថា មីស៉ីលអ៊ុយក្រែនយ៉ាងហោច៦០គ្រាប់ ត្រូវបានប្រទះឃើញ ហោះឆ្ពោះទៅកាន់គោលដៅផ្សេងៗ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលអភិបាលតំបន់កៀវ (Kyiv) បាននិយាយថា រុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំ តាមផ្លូវអាកាសសាជាថ្មី។
នៅទីក្រុងខាកៀវ (Kharkiv) ដែលជាកន្លែងជ្រកកោនរបស់មនុស្សជាង១លាននាក់ នៃតំបន់ Kharkiv ហើយនិងទីក្រុងមួយទៀតគឺ ប៉ូលតាវ៉ា (Poltava) ភាគកណ្តាលអ៊ុយក្រែន គឺគ្មានអគ្គិសនីប្រើប្រាស់ទាំងស្រុងតែម្តង ជាលទ្ធផលដោយសារតែការវាយប្រហារ។ ចំណែកនៅតំបន់ស៊ូមី (Sumy) ភាគខាងជើង ការបាញ់ស្រោចមីស៉ីលរបស់រុស្ស៉ី ក៏បានបង្កឱ្យមានការដាច់ចរន្តអគ្គិសនីនៅកន្លែងមួយចំនួន ខណៈនៅភាគខាងត្បូងប្រទេសវិញ អាជ្ញាធរអ៊ុយក្រែនបានប្រាប់ថា ហេដ្ឋារចនាសម្ពន្ធសំខាន់ៗក្នុងតំបន់អូដេសា (Odesa) ដែលនៅជាប់សមុទ្រខ្មៅ បានទទួលរងការវាយប្រហារ។
រីឯនៅរដ្ឋធានីកៀវ ក៏មានឭស្នូរបន្ទុះមួយចំនួនផងដែរ កំលុងការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងរុស្ស៉ី។ កាលពីប៉ុន្មានថ្ងៃមុន រុស្ស៉ីទើបតែបានធ្វើការវាយប្រហារដោយ យន្តហោះដ្រូនអត្តឃាត មកលើទីក្រុងកៀវ។ ពេលនោះ អគាររដ្ឋបាល២ខ្នង បានរងការខូចខាត ប៉ុន្តែដ្រូន១៣គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយ ប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា រុស្ស៉ីបានវាយប្រហារលើហេដ្ឋារចនាសម្ពន្ធថាមពលរបស់អ៊ុយក្រែន សឹងតែរៀងរាល់សប្តាហ៍នេះ ចាប់តាំងពីខែតុលាមក ដែលជាហេតុកំពុងធ្វើឱ្យអ៊ុយក្រែន ខ្វះខាតថាមពលអគ្គិសនីជាខ្លាំង ជាពិសេសចំពោះមុខអាកាសធាតុដ៏អាក្រក់ នៃរដូវរងា។ បើតាមការព្យាកររបស់ទីក្រុងកៀវ រុស្ស៉ីអាចនឹងចាប់ផ្តើមយុទ្ធនាការវាយរុលទៅមុខថ្មីមួយ នៅកំលុងដើមឆ្នាំក្រោយ ដែលនឹងអាចរួមមានការព្យាយាមជាលើកទីពីរ ដើម្បីកាន់កាប់ទីក្រុងកៀវផងដែរ ស្របពេលដែលកងកម្លាំងរបស់ទីក្រុងមូស្គូ កំពុងបន្តគ្រប់គ្រងដែនដី នៅភាគខាងត្បូងនិងខាងកើតអ៊ុយក្រែន ដែលស្មើនឹងខ្ទង់១ភាគរយ៥ នៃទឹកដីអ៊ុយក្រែនសរុប៕