(អង់ការ៉ា)៖ ក្រុមហ៊ុនវិស័យការពារជាតិរបស់តួកគី ឈ្មោះ បេការ (Baykar) បានប្រកាសឱ្យដឹងថា យន្តហោះដ្រូនដែលប្រើប្រាស់​ម៉ាស៉ីនប្រភេទ Jet ដំបូងបំផុតរបស់ខ្លួន ទើបតែសម្រេចការហោះហើរជាលើកដំបូងកាលពីថ្ងៃពុធ ខណៈដ្រូនរបស់ក្រុមហ៊ុននេះ ត្រូវគេស្គាល់យ៉ាងទូលំទូលាយ ជាពិសេសដោយសារសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

ក្រុមហ៊ុន Baykar បានបង្ហោះឃ្លីបវីដេអូមួយដែលបង្ហាញពីសកម្មភាព យន្តហោះដ្រូនខាងលើ ឈ្មោះថា គីហ្ស៉ីលេលម៉ា (Kizilelma) ហោះចាកចេញពីមូលដ្ឋានទ័ពអាកាសតួកគីមួយកន្លែង ហើយត្រឡប់ទៅចុះចតនៅទីនោះវិញ ដែលស្ថិតក្នុងខេត្តខ័រលូ (Corlu) ភាគពាយព្យប្រទេស​ ចម្ងាយប្រហែល៨៥គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុងអ៉ីស្តង់ប៊ុល។

យន្តហោះដ្រូនធុន Bayraktar TB2 របស់ក្រុមហ៊ុន Baykar ទទួលបានប្រជាប្រិយភាពជាខ្លាំង បន្ទាប់ពីវាបានបង្ហាញសមត្ថភាព ក្នុងសង្រ្គាមនៅជុំវិញពិភពលោក ដូចជាស៉ីរីនិងលីប៊ីជាដើម ហើយចុងក្រោយគេបំផុតនេះគឺនៅអ៊ុយក្រែន ដោយដ្រូន TB2 បានជួយកងទ័ពអ៊ុយក្រែនប្រយុទ្ធតទល់ ជាមួយកងកម្លាំងឈ្លានពានរបស់រុស្ស៉ី។ ប្រការនេះក៏បានលើកមុខមាត់ក្រុមហ៊ុន Baykar ឱ្យក្លាយទៅជាក្រុមហ៊ុនផលិតនិងនាំចេញបរិក្ខារយោធាដ៏លេចធ្លោមួយ នៅក្រោមក្រសែភ្នែកអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ខណៈដ្រូន Bayraktar TB2 ដំណើរការដោយស្លាបចក្រ យន្តហោះដ្រូនស៊េរីថ្មី Kizilelma ដំណើរការដោយម៉ាស៉ីន Jet ពោលគឺដូចម៉ាស៉ីនយន្តហោះទូទៅ នាសម័យទំនើបបច្ចុប្បន្នយ៉ាងដូច្នោះ។ ម៉្យាងវិញទៀត អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺវាក៏មាន​រូបរាងខាងក្រៅ ស្រដៀងគ្នាទៅនឹង ពួកយន្តហោះចម្បាំងជំនាន់ទី៥ថែមទៀតផង។ ក្រុមហ៊ុន Baykar បានអះអាងថា ក្រៅពីបំពេញ​បេសកកម្មទូទៅធម្មតារបស់ដ្រូន យន្តហោះដ្រូន Kizilelma ក៏នឹងអាចធ្វើការប្រយុទ្ធនៅលើផ្ទៃអាកាសផ្ទាល់ ឬហៅថា air-to-air combat បានផងដែរ ហើយវានឹងមានល្បឿនអតិបរមាលឿនជាង ព្រមទាំងមានសមត្ថភាពផ្ទុកបានធ្ងន់ជាង ដ្រូននានាដែលតួកគី​មានសព្វថ្ងៃ៕