(អង់ការ៉ា)៖ ក្រុមមន្រ្តីតួកគីបានិយាយថា មន្រ្តីប៉ូលិសជាច្រើននាក់បានរងរបួស បន្ទាប់ពីគ្រាប់បែកក្នុងរថយន្តមួយគ្រឿងបានផ្ទុះឡើង កំលុងពេលធ្វើដំណើរឆ្លងកាត់ផ្លូវហាយវ៉េមួយកន្លែង ក្នុងទីក្រុងឌីយ៉ាបាកៀ (Diyarbakir) ភាគអាគ្នេយ៍នៃប្រទេសតួកគី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក ស៊ូឡេម៉ាន់ សយលូ (Suleyman Soylu) បាននិយាយថា មានការផ្ទុះមួយនៅក្នុងរថយន្តដែលចតចោល នៅម៉ោង ៥និង១០នាទីព្រឹក (ម៉ោងក្នុងតំបន់) ខណៈដែលរថយន្តប៉ូលីសកំពុងចេញទៅធ្វើការ នៅទីក្រុងឌីយ៉ាបាកៀ។ មនុស្សពីរនាក់ដែលគេជឿថា ជាជនដៃដល់នៃការបំផ្ទុះនេះត្រូវបានចាប់ខ្លួន។

ការិយាល័យអភិបាលក្រុងឌីយ៉ាបាកៀ បានឲ្យដឹងថា គ្រាប់បែកនេះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកផ្សេងទៀតឡើយ ក្រៅពីមន្រ្តីប៉ូលិសចំនួន ៩នាក់ ដែលជិះក្នុងរថយន្តក្រុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ថា កន្លងមកតួកគីបានបន្ទោសក្រុមសកម្មប្រយុទ្ធ មកពីគណបក្សពលករឃឺដ (PKK) ចំពោះការផ្ទុះនានា ប៉ុន្តែករណីខាងលើនេះ មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវឡើយទេ៕