(ប៉ារីស)៖ មនុស្សចំនួន១០នាក់ ក្នុងនោះមានកុមារ៥នាក់ បានបាត់បង់ជីវិត បន្ទាប់ពីគ្រោះអគ្គិភ័យមួយ បានកើតឡើងកាលពីវេលាយប់​រំលងអធ្រាត្រឈានចូលថ្ងៃសុក្រនេះ នៅអគារស្នាក់នៅមួយកន្លែង ក្នុងសង្កាត់វ៉ូលឡង់អាន់វើឡាំង (Vaulx-en-Velin) នៅជាយទីក្រុងលីយ៉ុង (Lyon) ភាគខាងកើតប្រទេសបារាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

អាជ្ញាធរបារាំងប្រចាំតំបន់បានឱ្យដឹងថា គ្រោះអគ្គិភ័យនោះ ត្រូវបានរាយការណ៍ដំបូង ទៅកាន់សេវាឆ្លើយតបបន្ទាន់នៅវេលាម៉ោង ៣៖១២នាទីយប់ រំលងអធ្រាត្រ ហើយនៅម៉ោង៣៖២៥នាទី ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រហែល ១៦០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ៦៥គ្រឿង បានទៅដល់កន្លែងកើតហេតុ។ អគារស្នាក់នៅដែលបានរងការឆាបឆេះ គឺមានកម្ពស់៧ជាន់។

គួរបញ្ជាក់ថា ក្រៅពីអ្នកបាត់បង់ជីវិត មានមនុស្ស៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈ១០នាក់ទៀត ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យ ២នាក់ បានរងរបួស។ ដោយឡែក អាជ្ញាធរមិនទាន់អាចកំណត់ច្បាស់ អំពីមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ នៅឡើយទេ៕