(គូឡាឡាំពួ)៖ ចំនួនមនុស្សស្លាប់បន្តកើនដល់១២នាក់ បន្ទាប់ពីគ្រោះរអិលបាក់ដី បានវាយប្រហារចំតំបន់បោះជំរំកម្សាន្តមួយកន្លែង នៅឯប្រទេសម៉ាឡេស៉ី ខណៈក្រុមជួយសង្រ្គោះកំពុងបន្តស្វែងរក មនុស្សជាង២០នាក់ទៀតដែលបាត់ខ្លួននៅឡើយ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

ហេតុការណ៍ខាងលើបានកើតឡើងក្នុងរដ្ឋ សេឡាន់ហ្គ័រ (Selangor) នៅជាយទីក្រុងគូឡាឡាំពួ នាវេលាមុនម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ ហើយត្រូវចំតំបន់កសិដ្ឋានសម្រាប់បោះជំរំកម្សាន្តមួយកន្លែង ដែលស្ថិតនៅក្រោមជម្រាលភ្នំ។ អាជ្ញាធរម៉ាឡេស៉ី បានឱ្យដឹងថា មនុស្សជាង៩០នាក់បានរងគ្រោះក្នុងហេតុការណ៍ ប៉ុន្តែ៥៩នាក់ត្រូវបានរកឃើញ និងជួយសង្រ្គោះដោយសុវត្ថិភាព ខណៈ២២នាក់នៅបន្តបាត់ខ្លួន។ ក្រៅពីអ្នកស្លាប់១២នាក់ មាន៨នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា រដ្ឋសេឡាន់ហ្គ័ររបស់ម៉ាឡេស៉ី ក៏ធ្លាប់រងគ្រោះដោយសារគ្រោះរអិលបាក់ដីនាពេលកន្លងមកដែរ ហើយរដ្ឋមួយនេះទៀតសោតកំពុងស្ថិតនៅក្នុងរដូវភ្លៀង ប៉ុន្តែមិនទាន់មានភ្លៀងធ្លាក់ខ្លាំងឬគ្រោះរញ្ជួយដីត្រូវបានរាយការណ៍ នៅពេលមានមានគ្រោះរអិលបាក់ដីកើតឡើងនោះទេ៕