(ព្រុចសែល)៖ គណៈប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចសែល បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍ក្រោយបញ្ចប់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប បានឲ្យដឹងថា «EU នៅតែប្តេជ្ញាផ្តល់ការគាំទ្រផ្នែកនយោបាយ និងយោធាដល់អ៊ុយក្រែន ជាពិសេសតាមរយៈមធ្យោបាយសន្តិភាពអឺរ៉ុប និងបេសកកម្មជំនួយយោធារបស់សហភាពអឺរ៉ុប និងតាមរយៈការបង្កើនការផ្តល់ជំនួយទ្វេភាគី ជាពិសេសសមត្ថភាពការពារដែនអាកាស និងជំនួយការដោះមីន»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «EU ចាត់ទុកការវាយប្រហារដោយមីស៉ីល លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន គឺជាឧក្រិដ្ឋកម្មសង្រ្គាម ហើយត្រូវតែបញ្ឈប់។ ក្រុមប្រឹក្សាអឺរ៉ុបក៏អញ្ជើញគណៈកម្មការឲ្យពង្រឹងការសម្របសម្រួលជាមួយឧស្សាហកម្មអឺរ៉ុប និងដៃគូអន្តរជាតិ ដើម្បីផ្តល់ការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព នៃឧបករណ៍អាទិភាពដល់អ៊ុយក្រែន ដូចជាស្ថានីយ៍កំដៅចល័ត ម៉ាស៊ីនភ្លើង ឧបករណ៍បំលែងថាមពលអគ្គិសនីតង់ស្យុងខ្ពស់ និងភ្លើងបំភ្លឺ ជាដើម»

លើសពីនេះ EU បានយល់ព្រមផ្តល់ជំនួយចំនួន ១៨ពាន់លានអឺរ៉ូ ឬជាង ១៩ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៣៕