(ញូដេលី)៖ មន្ត្រីឥណ្ឌាជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថា ឥណ្ឌាបានបាញ់សាកល្បងដោយជោគជ័យនូវមីស៉ីលរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ខណៈក្រុងញូវដែលីមានបំណងបង្កើនសមត្ថភាពយោធា ចំពេលមានភាពតានតឹងតាមព្រំដែនជាមួយប្រទេសចិន។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសភា លោក ប្រាលហាដ ចូស៉ី (Pralhad Joshi) បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីប អាកនី-៥ (Agni-V) ត្រូវបានបាញ់កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ចេញពីកោះអាប់ឌុល កាឡាម (Abdul Kalam) ក្នុងរដ្ឋអូឌីសា (Odisha) ភាគខាងកើតប្រទេស ហើយមីស៉ីលនេះនឹងបន្ថែមសមត្ថភាពដ៏អស្ចារ្យដល់ វិស័យការពារជាតិ និងពង្រឹងសន្តិសុខក្នុងកម្រិតកាន់តែខ្លាំង។ លោក ចូស៉ី បានបន្ថែមថាមីស៉ីល Agni-V អាចបាញ់បានចម្ងាយ ៥,៤០០គីឡូម៉ែត្រ ឬអាចឆ្ងាយជាងនេះ និងរយៈចម្ងាយនេះ មានន័យថាវាអាចបាញ់ដល់គ្រប់ទីកន្លែងស្ទើរតែទូទាំងប្រទេសចិន។

សារព័ត៌មានឥណ្ឌា បានរាយការណ៍ថា មុនពេលមានការធ្វើតេស្ត អាជ្ញាធរឥណ្ឌាបានចេញសេចក្តីជូនដំណឹងប្រកាសដាក់ឆ្នេរសមុទ្របេងហ្គាល់ (Bengal) ជាតំបន់គ្មាន ការហោះហើរ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីៗរវាងឥណ្ឌា និងចិន បានកើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នានៃទាហានរបស់ពួកគេ កាលពីថ្ងៃទី៩ ខែធ្នូ នៅតាមព្រំដែនជម្លោះក្នុងរដ្ឋអារូណាឆាល ប្រាដែស (Arunachal Pradesh)៕