(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រភាគច្រើន លើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំ បំបែកកំណត់ត្រាថ្មីមួយ ដល់ទៅ ៨៥៨ពាន់លានដុល្លារ ពោលគឺលើស ៤៥ពាន់លានដុល្លារ នៃកញ្ចប់ថវិកាយោធាស្នើឡើងដោយលោកប្រធានាធិបតី ចូ បៃដិន ទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២២។

កញ្ចប់ថវិកាយោធាខាងលើដែលស្ថិតច្បាប់ National Defense Authorization Act ឬហៅកាត់ថា NDAA ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ៨៣ ទល់នឹង១១សំឡេង ជំទាស់ ហើយតាមរយៈការអនុម័តនេះទៀតសោត ក៏មានបញ្ចូលទាំងការលុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅក្នុងជួរយោធាអាមេរិកផងដែរ។ មួយវិញទៀត ដោយសារតែកញ្ចប់ថវិកានេះត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រអាមេរិក កាលពីសប្ដាហ៍មុនរួចហើយនោះ NDAA នឹងត្រូវបញ្ជូនបន្តទៅកាន់ សេតវិមានជាទីដែលលោក បៃដិន ត្រូវបានគេរំពឹងខ្ពស់ថានឹងចុះហត្ថលេខាភ្លាមៗ។

គួរបញ្ជាក់ថា កញ្ចប់ថវិកាយោធា ៨៥៨ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ក្នុងការចំណាយនានា រួមមាន ៤.៦ភាគរយជាប្រាក់បៀវត្សរ៍សម្រាប់កងទ័ព ទិញអាវុធ នាវាចម្បាំង និងយន្ដហោះចម្បាំង ព្រមទាំងគាំទ្រដល់តៃវ៉ាន់ដែលកំពុងប្រឈមមុខនឹងចិន និងអ៊ុយក្រែនដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី៕