(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រនេះថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដលើ «ម៉ូទ័រដំណើរការដោយឥន្ធនៈរឹងដែលមានកម្លាំងរុញខ្លាំង» ខណៈរបបដឹកនាំលោក គីម ជុងអ៊ុន បន្តអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មីៗ ព្រមទាំងបង្កើនល្បឿនកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាការធ្វើតេស្ដប្រកបដោយជោគជ័យខាងលើធ្វើឡើង នៅក្រោមការបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់លោក គីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅឯទីតាំងបាញ់បង្ហោះផ្កាយរណបស៊ូហេ (Sohae)។ KCNA បានបញ្ជាក់បន្ថែមទៀតថា ការធ្វើតេស្ដ បាញ់ បានបង្ហាញថាពីភាពគួរឱ្យជឿជាក់ និងស្ថិរភាពនៃម៉ូទ័រ ដែលនេះបានផ្ដល់ការធានាសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មីដទៃទៀត។
ជុំវិញការធ្វើតេស្ដនេះដែរ បើតាមក្រុមអ្នកជំនាញ ការធ្វើតេស្ដខាងលើរបស់កូរ៉េខាងជើង មានគោលដៅអភិវឌ្ឍ «បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដំណើរការ ដោយឥន្ធនៈរឹង» ជាមួយម៉ូទ័រដែលមានកម្លាំងរុញខ្លាំង ហើយដែលទីក្រុងព្យុងយ៉ាងអះអាងថាជារបកគំហើញដំបូងគេនៅក្នុងប្រទេស៕