(កៀវ)៖ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការបាញ់ផ្លោងរបស់រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ​ បានសម្លាប់មនុស្សពីរនាក់នៅកណ្តាលទីក្រុង Kherson ដែលទើបរំដោះបាននៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

អនុប្រធានការិយាល័យប្រធានាធិបតី លោក Kirillo Tymoshenko បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ជនរងគ្រោះទាំងពីរត្រូវបានសម្លាប់នៅចម្ងាយប្រហែល​១០០ម៉ែត្រ ពីអគាររដ្ឋបាលក្នុងតំបន់ ដែលត្រូវបានបាញ់ផ្លោងកាលពីថ្ងៃពុធ។

អភិបាលតំបន់ លោក Yaroslav Yanushevich បាននិយាយថា ការបាញ់ផ្លោងបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទូទាំងទីក្រុង។

អភិបាលតំបន់រូបនេះនិយាយយ៉ាងដូច្នេះថា «ទីក្រុង Kherson ទាំងមូលគឺគ្មានអគ្គិសនីទេ ដោយសារតែការទម្លាក់គ្រាប់បែករបស់សត្រូវ។ នាឱកាសដំបូងនេះឧស្សាហកម្មថាមពល នឹងចាប់ផ្តើមស្តារបណ្តាញថាមពលឡើងវិញឆាប់ៗនេះ»

គួរបញ្ជាក់ថា អ៊ុយក្រែនបានដណ្តើមយកទីក្រុង Kherson មកវិញនៅថ្ងៃទី១១ ខែវិច្ឆិកា ប៉ុន្តែកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងទីក្រុង ពីផ្នែកម្ខាងទៀតនៃទន្លេ Dnipro ចាប់តាំងពីពួកគេបានចាកចេញពីទីក្រុង ហើយបានដកខ្លួនចេញពីច្រាំងទន្លេខាងលិច៕