(ប្រ៊ុចសែល)៖ ក្រុមអ្នកការទូតបាននិយាយនៅពេលមេដឹកនាំសហភាពអឺរ៉ុប បានប្រមូលផ្តុំគ្នានៅទីក្រុងប្រ៊ុចសែលនៅថ្ងៃព្រហស្បតិ៍នេះថា សម្រាប់កិច្ចប្រជុំកំពូលចុងក្រោយនៅឆ្នាំនេះ បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានបរាជ័យ ក្នុងការយល់ព្រមលើកញ្ចប់ទីប្រាំបួននៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនៅក្នុងកិច្ចពិភាក្សាកាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​​ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

អ្នកការទូតសហភាពអឺរ៉ុបម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសនានាបានខិតទៅជិតសម្រេចបាននូវកិច្ចព្រមព្រៀងមួយ នៅក្នុងការចរចាកាលពីថ្ងៃពុធ ប៉ុន្តែប៉ូឡូញ និងប្រទេសមួយចំនួនទៀតនៅតែមានការជំទាស់ ដោយបន្ថែមថា សេចក្តីព្រាងច្បាប់ថ្មីមួយត្រូវបានគេរំពឹងថានឹងផ្សព្វផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍។

ការដាក់ទណ្ឌកម្មថ្មីៗលើទីក្រុងមូស្គូបានធ្វើឡើង ដោយការខ្វែងគំនិតគ្នាលើថា តើ EU គួរតែបង្កលក្ខណៈងាយស្រួលសម្រាប់ការនាំចេញជីរបស់រុស្ស៊ីឆ្លងកាត់កំពង់ផែអឺរ៉ុប សូម្បីតែក្នុងករណីក្រុមហ៊ុនជីត្រូវបានគ្រប់គ្រងដោយក្រុមមហាសេដ្ឋីជាប់ក្នុងបញ្ជីខ្មៅក៏ដោយ។

អ្នកខ្លះនិយាយថា​ ការរឹតបន្តឹងរបស់សហភាពអឺរ៉ុបបង្កការគំរាមកំហែងសន្តិសុខស្បៀងដល់ប្រទេសកំពុងអភិវឌ្ឍន៍ ខណៈពេលដែលអ្នកផ្សេងទៀតជំទាស់ថា ការបន្ធូរបន្ថយពួកគេនឹងអនុញ្ញាតឱ្យ មហាសេដ្ឋីដែលស្និតនឹងរបបរុស្ស៊ីដែលជាម្ចាស់អាជីវកម្មជី អាចគេចពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងពួកគេបាន៕