(ប៉េកាំង)៖ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន បានធ្វើកិច្ចជំនួបពិភាក្សាការងារជាមួយលោក Zambry រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១៤ខែធ្នូ។

លោក Wang Yi បានថ្លែងថា ចិននិងម៉ាឡេស៊ីគឺជាមិត្តដ៏ល្អ និងដៃគូល្អដែលមានប្រវត្តិសាស្រ្តពាន់ឆ្នាំ។ ប្រទេសចិនរីករាយបន្តចំណងមិត្តភាពជាមួយ រដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ចាតុទុកខួប១០ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣និងខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៤ជាឱកាសដើម្បី រួមគ្នាខិតខំប្រឹងប្រែងឆ្ពោះទៅទិសដៅធំ នៃការកសាងសហគមន៍រួមវាសនាចិន និងម៉ាឡេស៊ី ជំរុញទំនាក់ទំនងទ្វេភាគីឱ្យឡើងកាន់កម្រិតថ្មី រួមគ្នាគាំពារសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។

ជាការឆ្លើយតប លោក Zambry បានអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ លោកបានថ្លែងថា ប្រជាជននៃប្រទេសទាំងពីរម៉ាឡេស៊ីនិងចិនមានចំណងមិត្តភាពប្រពៃណី ប្រទេសទាំងពីរគោរពគ្នាទៅវិញទៅមក មានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។ រដ្ឋាភិបាលថ្មីម៉ាឡេស៊ីរីករាយបង្កើន ការប្រាស្រ័យទាក់ទង ជាន់ខ្ពស់ជាមួយប្រទេសចិន និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា៕

វិទ្យុមិត្តភាពកម្ពុជាចិន