(ប៉េកាំង)៖ ដើម្បីបន្តភក្តីភាពចំពោះសហគមន៍រួមជីវិតដែលជាហ្សែនរបស់ជនជាតិចិន មិនតិចជាងពីរពាន់ឆ្នាំលើសុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិ ដែលកាលពី២៧០០ឆ្នាំមុន ឡៅជឺដែលជាស្ថាបនិកលទ្ធិតាវ បានលើកឡើងថា តាវប្រតិបត្តិតាមធម្មជាតិ ដែលមានន័យថា ដំណើរនៃអ្វីគ្រប់យ៉ាងត្រូវគោរពតាមក្រឹត្យក្រមធម្មជាតិ។ មនុស្សនិងធម្មជាតិគឺជាតួអង្គរួម ដែលមិនអាចបំបែកបាន។ បុព្វបុរសចិនបានសង្ខេបនូវស្មារតីនៃការរួមបញ្ចូលគ្នាទៅវិញទៅមកដោយបានចែងថា អ្វីៗទាំងអស់កើតចេញមកជាមួយគ្នាដោយមិនបំផ្លាញគ្នាទៅវិញទៅមក ហើយតាវដើរស្របគ្នាមិនប៉ះទង្គិចគ្នា នោះគឺ «អរិយធម៌អេកូឡូស៊ី»

អរិយធម៌នេះបានក្លាយជាគោលដៅច្បាស់លាស់របស់ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិននៅក្នុង ការធានាថែរក្សាការអភិរក្សជីវចម្រុះជាសកល។ ប្រទេសចិនបានធ្វើការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចប្រើប្រាស់ ធនធានធម្មជាតិដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ ហើយការអភិរក្សអេកូបរិស្ថានក៏មិនមានន័យថា ត្រូវលះបង់ចោលការអភិវឌ្ឍសេដ្ឋកិច្ចនោះដែរ។

ដើម្បីផ្តល់ភាពស្រស់ស្អាតនិងបៃតងភាពរបស់ភពផែនដី ជូនដល់អ្នកជំនាន់ក្រោយ ប្រទេសចិនក្នុងអំឡុងពេលកិច្ចប្រជុំ ដំណាក់កាលទី២ នៃមហាសន្និបាតភាគីហត្ថលេខីលើកទី១៥ «អនុសញ្ញាជីវចម្រុះ» នៃអង្គការសហប្រជាជាតិ (COP15) ប្រធានបទស្តីពី «អរិយធម៌អេកូឡូស៊ី៖ ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី» គឺជាសន្និសីទសកលលើកដំបូងគេបង្អស់ ដែលត្រូវបានរៀបចំឡើងដោយអង្គការសហប្រជាជាតិ (UN) ដោយផ្តោតលើអរិយធម៌អេកូឡូស៊ីក្រោមសំណើរបស់ប្រទេសចិន។ ប្រទេសចិនបានផ្តល់ផែនការខ្លួនដល់ការអភិរក្សជីវចម្រុះជា សកលក្រោមប្រធានបទ «ខ្សែបន្ទាត់ក្រហមអភិរក្សអេកូឡូស៊ី» នៅជ្រុងប្រទេសចិន។

ប្រព័ន្ធខ្សែបន្ទាត់ក្រហមនៃការអភិរក្សអេកូឡូស៊ី ក្នុងដំណើររុករកអភិរក្សបរិស្ថាន ហើយខ្លឹមសារស្នូលនៃខ្សែបន្ទាត់ក្រហមក្នុង ការអភិរក្សអេកូឡូស៊ី គឺការពារតំបន់សំខាន់ៗនៃជីវចម្រុះ ខណៈពេលដែលធានាបាននូវការផលិតនិងជីវភាពរស់នៅ របស់ពលរដ្ឋក្នុងតំបន់នោះ។ តាមរយៈការអនុវត្តគោលនយោបាយនិងប្រព័ន្ធច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពមនុស្សដែលបង្ក ការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានអេកូឡូស៊ីក្នុងតំបន់ផង និងរក្សាបាននូវផលិតកម្មនិងរបៀបរស់ដើមនៅរបស់ពលរដ្ឋផង។ ជាមួយគ្នានេះដែរ តាមរយៈការផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្ម ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរពណ៌បៃតងនិងសម្រេចបាន នូវការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ។

ដើម្បីបង្កើនពុទ្ធិនិងបទពិសោធន៍កាន់តែទូលំទូលាយដល់សហគមន៍អន្តរជាតិអំពីជ្រុងប្រទេសចិន ដោយប្រទេសចិន ប្រកាន់ខ្ជាប់ទស្សនៈដែលថា ទឹកស្អាតភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ បានជំរុញអភិរក្សនិងការគ្រប់គ្រងជាប្រព័ន្ធទាំងភ្នំ ទឹក ព្រៃ ដីស្រែ បឹងបួរ វាលស្មៅ និងវាលខ្សាច់ ចិនបានខិតខំពេញទំហឹងក្នុង ការកសាងអរិយធម៌អេកូឡូស៊ី ខិតខំពេញទំហឹងបង្ការ និងគ្រប់គ្រងការបំពុលបរិស្ថាន ក៏ដូចជាខិតខំពេញទំហឹងដើម្បីកែលម្អបរិស្ថាន ធ្វើការផលិត និងជីវភាពរស់នៅរបស់ប្រជាជន។

ជ្រុងប្រទេសចិនបានរំលេចចេញយ៉ាងច្បាស់នូវសមិទ្ធផលនានា របស់ប្រទេសចិនជូនដល់ពិភពលោកកាលពីថ្ងៃទី៧ ខែធ្នូ នៅម៉ុងរ៉េអាល់ ប្រទេសកាណាដា ដោយបានគូសបញ្ជាក់ថា ជ្រុងប្រទេសចិនបានបើកបង្អួចសម្រាប់ពិភពលោក ឈ្វេងយល់កាន់តែស៊ីជម្រៅអំពីការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលរបស់ចិនក្នុងការកសាងអរិយធម៌អេកូឡូស៊ី និងការអភិរក្សជីវចម្រុះ។ ការអភិរក្សអេកូឡូស៊ីរបស់ប្រជាជនចិន ប្រៀបដូចជាការថែទាំកែវភ្នែកទាំងគូរបស់ខ្លួន ហើយការការពារបរិស្ថានអេកូឡូស៊ីរបស់ប្រជាជនចិន ប្រៀបដូចជាការថ្នាក់ថ្នមអាយុជីវិតរបស់ខ្លួនផងដែរ ដែលនាំឱ្យជ្រុងប្រទេសចិន ជាវេទិកាវិទ្យាសាស្រ្តចំហស្តីពីអរីយធម៌អេកូឡូស៊ី ដែលប្រទេសចិនរីករាយក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួន ជាមួយប្រទេសនានាផងដែរ។

ដើម្បីផ្តល់សក្ខីកម្មកាន់តែប្រត្យក្ស ប្រទេសចិនបានក្លាយជាប្រទេសដែលមានផ្ទៃដីដាំដើមឈើ ច្រើនជាងគេនៅក្នុងពិភពលោកដែលត្រូវជា២៥% នៃបរិមាណព្រៃឈើនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ ការការពារព្រៃឈើនឹងធ្វើឱ្យជីវៈចម្រុះ ក៏ត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់ផងដែរ។ ខ្លាឃ្មុំPanda លែងជាសត្វដែលស្ថិតនៅក្នុងបញ្ជីសត្វ ដែលជិតផុតពូជទៀតហើយ លើសពីនេះ ជនជាតិចិនបានយកចិត្តទុកដាក់ការពារហ្វូងដំរីអាស៊ី តាមគ្រប់មធ្យោបាយដែលបានក្លាយជាទៅជា ចំណុចចាប់អារម្មណ៍ខ្លាំងនៅក្នុងពិភពលោក។

ក្នុង១ឆ្នាំៗ ប្រទេសចិនបានកាត់បន្ថយការបញ្ចេញកាបូនិកបានចំនួន២៩៤០លានតោន និងបានកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មចំនួន១៤០០លានតោន ដែលនេះជាការសម្រេចបានមុនកាលកំណត់។

ជាសច្ចភាពដែលយើងមិនអាចប្រកែកបាន ទស្សនៈអរិយធម៌អេកូឡូស៊ីបានជ្រៀតចូលយ៉ាងស៊ីជម្រៅ ទៅក្នុងដួងចិត្តរបស់ប្រជាជនចិន របៀបរស់នៅដោយសន្សំសំចៃថាមពល ការប្រើប្រាស់ថាមពលស្អាត ការបំភាយកាបូនទាប បាននិងកំពុងក្លាយជាជម្រើសដោយខ្លួនឯងរបស់ ប្រជាជនចិនកាន់តែច្រើនឡើងៗ។ តាមរយៈផ្នតគំនិតនេះ សហគមន៍អន្តរជាតិពិតជាបាននិងកំពុងសាទរ ហើយប្រកៀកស្មាជាមួយប្រទេសចិនដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដីតាមខ្លឹមសាររួមនៃ COP15៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន