(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានកែសម្រួលឱ្យប្រសើរឡើង នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដែលបូករួមទាំងខ្លឹមសារក្នុង១០វិស័យដូចជា កំណត់តំបន់ហានិភ័យដោយចំគោលដៅនិងវិទ្យាសាស្ត្រ កែលម្អវិធីធ្វើចត្តាឡីស័កនិងពន្លឿន ការចាក់វ៉ាក់សាំងឱ្យមនុស្សចាស់ជរាជាដើម។

ការដាក់ចេញ «វិធានការថ្មីចំនួន១០» គឺមានគោលបំណងបន្តលើកកម្ពស់កម្រិតចំគោលដៅ និងវិទ្យាសាស្ត្រនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់របស់ជំងឺកូវីដ១៩ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងកម្រិតអតិបរមា។
បច្ចុប្បន្ននេះ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសកលជាច្រើនសុទ្ធតែបង្ហាញថា បើប្រៀបធៀបនឹងវីរុសកូវីដ១៩ក្នុងគ្រាដំបូង នៃការផ្ទុះជំងឺកូវីដ១៩ ភាពចម្លងវីរុសអូមីក្រុង ត្រូវបានកាត់បន្ថយយ៉ាងច្បាស់លាស់។

ក្នុងនាមជាប្រទេសមួយដែលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩មុនគេបង្អស់ បច្ចុប្បន្ននេះ អត្រាចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៃមនុស្សទាំងអស់របស់ប្រទេសចិន បានលើសពី៩០ភាគរយ ដែលបានបង្កើតរបងស៊ាំនឹងរោគដ៏រឹងមាំ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនសន្សំបានបទពិសោធន៍ជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសជាបន្តបន្ទាប់ សមត្ថភាពសិក្សាស្រាវជ្រាវឱសថ ព្យាបាលជំងឺនិងធានាសម្ភារៈត្រូវបានបង្កើនឡើងយ៉ាងច្បាស់លាស់ ហើយប្រជាជនចិនក៏មានអាកប្បកិរិយា កាន់តែស្ងៀមស្ងាត់ចំពោះវីរុសផងដែរ។ ដូច្នេះអាចឃើញថា ប្រទេសចិនទទួលបាននូវ «ដំណាក់កាលបង្អួច» ដ៏គន្លឹះនៃការកែលម្អ គោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

បើមើលពីក្របខ័ណ្ឌពិភពលោក ពេលប្រទេសឬតំបន់ណាមួយបន្ធូរបន្ថយគោលនយោបាយ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសន្សឹមៗ សឹងតែទាំងអស់នឹងលេចចេញបញ្ហាដូចជា ករណីឆ្លងកើនឡើងជាច្រើនលើសលប់ និងកង្វះខាតធនធានព្យាបាលជំងឺជាដើម។ រដ្ឋាភិបាលចិនអំពាវនាវឱ្យបង្កើន ការចាក់វ៉ាក់សាំងរបស់មនុស្សគ្រប់រូប ជាពិសេសគឺមនុស្សចាស់ជរា ទាមទារឱ្យទីក្រុងមួយចំនួនពន្លឿនការបំពេញបន្ថែមប្រព័ន្ធ ជួយសង្គ្រោះនិងព្យាបាលជំងឺដោយចែកជាថ្នាក់នីមួយនិងគូសបញ្ជាក់ថា បង្កើនការផ្គត់ផ្គង់ឱសថនិងត្រៀមបម្រុង ធនធានវេជ្ជសាស្ត្រជាដើម ការធ្វើបែបនេះមិនត្រឹមតែដើម្បីសមស្របនឹង សំណូមពរនៃស្ថានការណ៍ថ្មីក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ឆ្លងកាត់ «ដំណាក់កាលអន្តរកាល» នៃការកែលម្អគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីបំណងដើមជាប់រហូតមករបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩គឺ តម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង។

ដោយសារទទួលបានផលប្រយោជន៍ពីការរៀបចំចាត់ចែង ប្រកបដោយប្រសិទ្ធភាពនូវការងារប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចរបស់ចិនបានឡើងដល់​ ៨,១ភាគរយ ដែលបានកាន់ចំណាត់ថ្នាក់ឈានមុខក្នុងចំណោម អង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក។ ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ទំហំសរុបនៃការនាំចេញនាំចូលរបស់ចិនបានកើនឡើង ៩,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ដែលបានគាំពារយ៉ាងខ្លាំងនូវស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩នៅមិនទាន់បញ្ចប់នៅឡើយទេ នៅតែត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដដែល។ ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាព និងប្រកាន់ខ្ជាប់ការកែឱ្យប្រសើរឡើងនូវគោលនយោបាយ ដោយចំគោលដៅនិងវិទ្យាសាស្ត្រតាមសភាពការណ៍ជាក់ស្តែង នេះគឺជា «ការប្រែប្រួល» និង «មិនប្រែប្រួល» នៃការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩របស់ចិន។ បោះជំហានឆ្ពោះទៅមុខតាមផ្លូវនេះ ប្រទេសចិននឹងកាន់តែខិតជិត ជ័យជម្នះចុងក្រោយ៕

វិទ្យុមិត្តភាពកម្ពុជាចិន